ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ក្រុងព្រះសីហនុ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងខេត្តព្រះសីហនុ

67

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ឹម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទរចំពោះ ការប្រកាសទទួលស្គាល់ក្រុងព្រះសីហនុ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងខេត្តព្រះសីហនុ នេះគឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទក្នុងការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានកម្លាំង
ចិត្តថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចសំដៅលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលរដ្ឋាន ឲ្យកាន់តែមានភាពល្អប្រសើរឡើង ហើយលោកបានកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ជាពិសេស ក្រុងព្រះសីហនុ ដែលត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកបច្ចេកទេស សហការជាមួយគណៈកម្មការថ្នាក់ខេត្ត ធ្វើការវាយតម្លៃ ពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បញ្ជាក់ថា ជាក្រុង ត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងខែសីហា ឆ្នាំ២០២៣កន្លងមក។

ពិធីនេះបានប្រារព្ធធ្វើនៅសាលាក្រុងព្រះសីហនុដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជ្ញាធរ ក្រុងស្រុក ឃុំ សង្កាត់ ភូមិ មកពីបណ្ដាក្រុងស្រុកទាំងប្រាំនៃខេត្តព្រះសីហនុ អង្គការដៃគូនិងអស់លោកលោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានបញ្ជាក់បន្ថែមថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិបាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តផែនការយុទ្ឋសាស្ត្រជាតិ និងផែនការសកម្មភាពខេត្តស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយ គុណភាព ប្រសិទ្ធភាពខ្ពស់។

ក្រុងព្រះសីហនុត្រូវបានដាក់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលនេះគឺជាមោទនភាពស្របទៅនឹងកំណើននៃការអភិវឌ្ឍន៍របស់ខេត្តនាពេលបច្ចុប្បន្នដែលកំពុងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ហើយខេត្តព្រះសីហនុគឺជាខេត្តប៉ូលសេដ្ឋកិច្ចក្នុងការអភិវឌ្ឍន៍ទាំងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងជាតារារះនាទិសនិរតី។

ការរៀបចំពិធីអបអរសាទរប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុងព្រះសីហនុ បានបញ្ចប់ការបន្ទោបង់ពាស
វាលពាសកាលនាពេលនេះ ជាសារមួយ ដើម្បីជំរុញស្មារតី និងការទទួលខុសត្រូវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមិនទាន់បានទទួល ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឡើយ ត្រូវបន្តរួមសហការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះឲ្យសកម្មបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានក្រុង-ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ពេលដ៏ខ្លីខាងមុខនេះ ។

ជាមួយគ្នានេះដែរ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុបានធ្វើរបាយការណ៍ដោយលើកឡើងថា សកម្មភាពក្នុងការជំរុញឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ពីការបត់ជើងពាសវាលពាសកាលមកសាងសង់និងប្រើប្រាស់បង្គន់អនាម័យដែលរហូតមកដល់ពេលនេះខេត្តព្រះសីហនុទាំងមូលទើបតែទទួលបានភូមិ ODF ចំនួន ១៥ ភូមិឃុំ ODFចំនួន៤និងក្រុងODF+មានចំនួន ១ប៉ុណ្ណោះ។

រដ្ឋបាលខេត្តដែលមានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរ ស្រុក ឃុំនិងអង្គការដៃគូនានាត្រូវបន្តសហការគ្នា ជួយគាំទ្រលើវិស័យទឹកស្អាតនិងអនាម័យជនបទបន្តទៀត ដើម្បីឲ្យខេត្តព្រះសីហនុទាំងមូលទទួលបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាពិសេសដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាន ODFក្រុង ស្រុកចំនួន ៤ បន្ថែមទៀតនិងឈានទៅសម្រេចបាន ODFទូទាំងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង