ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់កម្ពុជា ស្នើក្រសួងផែនការនិងវិនិយោគ ពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាម ដើម្បីមកស្វែងរកឱកាសវិនិយោគ សំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម

33

 

រដ្ឋធានីហាណូយ៖ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើក្រសួងផែនការ និងវិនិយោគនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាម ដើម្បីមកស្វែងរកឱកាសវិនិយោគ សំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំគណៈប្រតិភូ គ.វ.ក. ចូលជួបលោកជំទាវ Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីពិភាក្សាការងារស្តីពីការជំរុញការវិនិយោគទ្វេទិសរវាងកម្ពុជា និងវៀតណាម។

មានប្រសាសន៍ក្នុងជំនួបនេះ លោកជំទាវអនុរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណជូនគណៈប្រតិភូ គ.វ.ក. ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកកាន់ទីស្តីការក្រសួងផែនការ និងវិនិយោគវៀតណាម។ ក្រៅពីប្រសាសន៍ថ្លែងអំណរគុណ លោកជំទាវបានលើកសំណូមពរជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បន្តកិច្ចសហការល្អជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីជំរុញការវិនិយោគរបស់ប្រទេសយើងទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីមិត្តដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ។ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញជំហរគាំទ្រប្រសាសន៍របស់លោកជំទាវអនុរដ្ឋមន្ត្រី ដោយបានសំណូមពរភាគីមិត្តរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែច្រវាក់តម្លៃក្នុងតំបន់ នៃប្រទេសយើង រួមទាំងប្រទេសឡាវផងដែរ។
ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការមានសំណូមពរ ឱ្យភាគីមិត្តជួយជំរុញការបង្កើតមូលដ្ឋានផលិតកម្មកែច្នៃវត្ថុធាតុដើម ដូចជាជ័រកៅស៊ូរជាដើម ក្នុងប្រទេសកម្ពុជា ហើយនាំចេញតាមប្រទេសវៀតណាម។ ឯកឧត្តមមានទំនុកចិត្តថាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិនិយោគិន ព្រមទាំងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធផលនូវខ្លឹមសារដូចមានចែងក្នុងកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញ និងការការពារវិនិយោគ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើក្រសួងផែនការ និងវិនិយោគ មេត្តាពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាម ដើម្បីមកស្វែងរកឱកាសវិនិយោគ សំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានជឿជាក់ថា ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាមនឹងបន្តបំពេញភារកិច្ចពាក់ព័ន្ធ សំដៅធានាបាននូវផ្លែផ្កា និងផលជះវិជ្ជមាននៃកិច្ចសហប្រតិបត្តិការមួយនេះ៕

 

អត្ថបទដែលជាប់ទាក់ទង