ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប បង្ហាញនូវសុច្ឆន្ទៈជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង

115

 

ភ្នំពេញ៖ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាន
បង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង។

នៅទីស្តីការក្រសួង នាថ្ងៃអង្គារទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការរបស់ សហភាពអឺរ៉ុប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបាន លើកឡើងអំពីផែនការរបស់ក្រសួងដែលបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម សម្រាប់ ៥ឆ្នាំទៅមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជំហរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពិចារណាការផ្តល់ជំនួយឥតសំណងលើ ១)កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី២ (WAT4CAM-២) និង២)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)។

គួរបញ្ជាក់ថា កន្លងមកនេះ សហភាពអឺរ៉ុបបានជួយគាំទ្រគម្រោងវិស័យធនធានទឹកដែលអនុវត្តនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោង WAT4CAM។ ក្នុងនោះក៏មានការកសាង និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងការររៀបចំកសាងបណ្តាញកសិករប្រើប្រាស់ទឹក ដើម្បីធានានូវការប្រើប្រាស់ទឹកដោយនិរន្តភាព ដើម្បីបម្រើដល់គោលដៅកសិកម្ម។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងនូវការកោតសរសើរចំពោះការវិវត្តន៍នៃគម្រោង និងកិច្ចសហការដ៏ល្អជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក និងបន្តទៅពេលខាងមុខ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពាក់ព័ន្ធគណៈកម្មការទន្លេមេគង្គ ពីបញ្ហាប្រឈមទាក់ទងនឹងប្រទេសក្នុងតំបន់ទន្លេមេគង្គ ដោយសារការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនឹងពិនិត្យពិចារណាលើសំណើសុំជំនួយឥតសំណងលើ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ដោយបានសន្យានឹងពិភាក្សាជាមួយទីស្នាក់ការកណ្តាល ដើម្បីពិនិត្យលទ្ធភាពនៃការស្នើសុំខាងលើ។

ភាគីទាំងពីរបង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង៕

អត្ថបទដែលជាប់ទាក់ទង