ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សំណូមដល់ក្រុមហ៊ុនចិនពិចារណាជួយដល់វិស័យឧតុនិយម ការសាងសង់ Doppler Radar ដើម្បីជំរុញការព្យាករឧតុនិយម
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យលោកស្រី Charlee Lan នាយិកាគ្រប់គ្រង ក្រុមហ៊ុនចិន China Harbour Engineering Company Ltd (CHEC) សាខាកម្ពុជានិងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
សូមជម្រាបថា ជំនួបពិភាក្សាការងារនាពេលនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសលើកិច្ចការងារអាទិភាពដែលក្រសួងគ្រោងនឹងដាក់ចេញនៅឆ្នាំ២០២៤ខាងមុខ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ដល់ប្រតិភូក្រុមហ៊ុនចិន និងបានអបអរសាទរចំពោះក្រុមហ៊ុនCHEC ដែលបានទទួលជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសចិននិងប្រទេសកម្ពុជា និងបានថ្លែងនូវការអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមដល់ក្រុមហ៊ុនចិនពិចារណាជួយដល់វិស័យឧតុនិយម ជាពិសេសការសាងសង់ Doppler Radar ដើម្បីជំរុញការព្យាករឧតុនិយមឱ្យកាន់តែរីកចម្រើន និងមានសុក្រឹតភាព។
លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាការឆ្លើយតប លោកស្រីនាយិកាបានឯកភាពទទួលយកសំណើទៅពិចារណា និងពិភាក្សាលម្អិតជាមួយជំនាញផ្នែកឧតុនិយម ដើម្បីលើកជាគម្រោងទៅរដ្ឋាភិបាលក៏ដូចជាភាគីចិន ដែលនឹងជួយទៅដល់វិស័យឧតុនិយមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទ្វេដង និងលើកកម្ពស់ការព្យាករកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ។
ភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ៕