ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពក្រៅឆាកនិងការហ្វឹកហាត់សមរបស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ ត្រៀមសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌ រាត្រីចងចាំលើកទី៤

117

 

សៀមរាប៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្ហាញពីសកម្មភាពក្រៅឆាកនិងការហ្វឹកហាត់សមរបស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ត្រៀមសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខិណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធីឆ្លងស្នាដៃទស្សនីយភាពសម្តែងផ្សេងៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ សិល្បការិនី ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រាត្រីចងចាំនេះជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក។

សូមចូលរួមទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាចតទៅ៕

អត្ថបទដែលជាប់ទាក់ទង