ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីថា៖ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ៣យប់ មានប្រជាពលរដ្ឋ និងអន្តរជាតិជាង ៥លាននាក់ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយក្រោមម្លប់សន្តិភាព

100

 

ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើងថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃ៣យប់ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាង ៥លាននាក់ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយ។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នាសាលារាជធានីភ្នំពេញមានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបន្តថា៖ ជាមួយគ្នានេះចំពោះកីឡាករទូក ង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំអោយមានទីតាំងស្នាក់នៅស្រួល មានបន្ទប់ទឹក មានទីតាំងពិនិត្យសុខភាព មានទីបញ្ជាការស្រាល ដើម្បីរក្សាសន្តិសុខជូនកីឡាករនិងប្រជាពលរដ្ឋ ។
ឯកឧត្ដមបន្តទៀតថា៖ បញ្ហាសំរាមយើងគ្រប់គ្រងការប្រមូលទុកដាក់សម្រាមបានល្អប្រសើរ ជាមួយក្រុមហ៊ុនប្រមូលដឹកជញ្ជូនសម្រាម ដោយកន្លងមក ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃ៣យប់នេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោសសំអាតនិងដឹកជញ្ជូនសំរាម តែសម្រាប់ឆ្នាំនេះ យើងបានបង្វែរថវិកានេះទៅជួយឧបត្ថមកងកម្លាំងវិញ។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ទៀតថា៖ អនុវត្តតាមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងបានបំពាក់កាំមេរ៉ាសុវត្ថិភាព បង្កងាយស្រួលដល់កម្លាំងមានសមត្ថកិច្ច លើការគ្រប់គ្រងសន្តិសុខ ដែលបានធ្វើអោយពិធីបុណ្យជាតិដ៏ធំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិនិងអន្តរជាតិ។

ក្នុងនោះដែរឯកឧត្ដមម៉ប់ សារិន ៖រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើកទី៧០ ទិវាបុណ្យឯករាជ្យ- ជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទទួលបានជោគជ័យនិងសាទរពីប្រជាពលរដ្ឋ បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំកន្លងមកដោយសារការ រាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
ឯកឧត្ដមបានកោតសរសើររាជរដ្ឋាភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ មន្រ្តី- រាជការ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងបណ្តាក្រុមហ៊ុនឯកជន ដែលបានសហការគ្នាល្អរៀបចំប្រារព្ធព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះនៅរាជធានីភ្នំពេញធានាបាន នូវការថែរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ការការពារសុវត្ថិភាពបានល្អប្រសើរ ជាមួយនឹងការ អញ្ជើញចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមាន ចំនួនរហូតដល់ជាង ៥លាននាក់ចូលរួមអបអរសាទរ សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយ ដែលញ៉ាំងឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងមានភាព អធិកអធម សប្បាយរីករាយធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានមុខមាត់ មានកិត្យានុភាព ហើយ អំណោយផលដល់វិស័យទេសចរណ៍។

ឯកឧត្ដមបន្តថា៖នេះជាការឆ្លុះបញ្ចាំងអំពីតថភាព ជាក់ស្ដែង នៃការអភិវឌ្ឍរបស់ កម្ពុជា ហើយក៏ជាជោគជ័យ និងមោទនភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ត្រជាក់នៃសន្តិភាព។
ឯកឧត្ដមបន្តទៀតថា៖ប្រជាជនបានកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រាន់តែក្នុងរយៈពេល ១០០ថ្ងៃ សម្រេចបានជោគជ័យ ក្នុងការដាក់ចេញនូវកម្មវិធីទាំង ០៦ចំណុច ដែលជាការចំណែកលើកស្ទួយ
កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមបានសូមកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានចូលរួមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ ខែវិច្ឆិកា ឆ្នាំ- ២០២៣បានល្អ ពិសេសលទ្ធផលបេក្ខជនប្រឡងជាប់និរទ្ទេសA ចំនួន ៤៥៧នាក់៕

អត្ថបទដែលជាប់ទាក់ទង