កិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។
សូមរំលឹកដែរថា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០គ.ម ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕