ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិចទូកស្លាប់កណ្តាលទន្លេបាសាក់ រកសពមនុស្ស៣នាក់ មិនទាន់ឃើញ

122


កណ្តាល៖ រហូតមកដល់វេលាថ្ងៃត្រង់ទី៣០ខែតុលានេះ មនុស្ស៣នាក់ដែលលិចទូកស្លាប់កណ្តាលទន្លេបាសាក់ នៅចំណុចឃុំស្វាយរលំ មិនទាន់រកសពឃើញនោះទេ ខណៈសមត្ថកិច្ចនិងសាច់ញាតិជនរងគ្រោះ កំពុងស្វែងរកសព។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណីលិចទូកក្នុងទន្លេបាសាក់ បណ្ដាលឲ្យ មនុស្ស៣នាក់បាត់ខ្លួន
កើតហេតុនៅថ្ងៃចន្ទទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤ នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះចំនួន៣នាក់ ១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ ៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។

ស្នងការដ្ឋាននគរបាល បានបន្ថែមថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រិន មករា (ជនរងគ្រោះ) និងមិត្តស្រី (ជាសង្សារ) ឈ្មោះ(មិនស្គាល់) ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង (តាមដងទន្លេបាសាក់) ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះ រិនមករា (ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួង រិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះមួង រិន ក៏បានហៅកូនស្រីបង្កើតរបស់ខ្លួន ចំនួន២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួនដែរ។ ពេលដែលទូកបានបើកឃ្លាតចេញពីច្រាំងទន្លេ បានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្ដាលឲ្យទូកលិចតែម្ដង ដោយមានការដង្ហោយហៅ ជួយពីជនរងគ្រោះ ពេលនោះឈ្មោះវ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំណុចកើតហេតុ ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន ឲ្យស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន១គ្រឿងទៀត បានអុំមកពីខាងឃុំកោះអន្លង់ចិន មកជួយធ្វើការសង្គ្រោះ បានឈ្មោះ (មិនស្គាល់) ភេទស្រី១នាក់ទៀត ចំណែកជនរងគ្រោះចំនួន៣នាក់ទៀត មានឈ្មោះ រិន មករា ភេទប្រុស ឈ្មោះរិន ស្រីអូន ភេទស្រី ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រីបានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង