អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ច្រានចោលព័ត៌មានថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួននិងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។
សូមរំលឹកថា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបនេះ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគោលបំណងក្នុងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Vingroup ហេីយក៏សូមស្វាគមន៍ចំពោះការវិនិយោគផ្សេងទៀត និងសូមយកចិត្តទុកដាក់លេីការពង្រីកសេវាផ្សេងៗបន្ថែម ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ ៕