ទេសរដ្ឋមន្ត្រី គន់ គីម ដាក់ចេញទិសដៅ និងការណែនាំលើកិច្ចការអាទិភាព១៣ចំណុច ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដាក់ចេញនូវទិសដៅ និងការណែនាំលើកិច្ចការអាទិភាពចំនួន១៣ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ខេត្ត ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៤។
ការដាក់ចេញ របស់ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងឱកាសដែលលោក អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អាជ្ញាធរខេត្តឧត្តរមានជ័យ អាជ្ញាធរ ក្រុង ស្រុក ទាំង៥ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា រដ្ឋបាលខេត្តឧត្តរមានជ័យ តែងរៀបចំអង្គសន្និបាតជារៀងរាល់ឆ្នាំ ហើយត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធិផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ បញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ព្រមទាំងដាក់ចេញការងារសម្រាប់ឆ្នាំ២០២៤ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធិភាព ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបានបាននូវសមិទ្ធិផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា សមិទ្ធិផលដែលក្រសួងស្ថាប័ន ដែលរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមកនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជុំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបញ្ជាក់ទៀតថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៍សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងណែនាំនូវគោលការណ៍អាទិភាពចំនួន១៣ចំណុចសម្រាប់យកទៅអនុវត្តរួមមាន៖
* ការការពារសន្តិភាព និងពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំ
* ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង
* បន្តជុំរុញចលនាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
* បន្តទប់ស្កាត់និងបង្រ្កាបបទល្មើសនានា
* ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
* លើកកម្ពស់ផ្តល់សេវាសាធារណៈ
* ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ
* ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងខេត្ត
* ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន
* ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី
* ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល
* ការពង្រឹងរបៀបរបបការងារ៕