នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ នឹងបើកកិច្ចប្រជុំការងារព្រំដែន
ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគីតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ខណៈដែលកិច្ចប្រជុំនេះ ត្រូវបានអាក់ខាននាពេលកន្លងមក ហើយភាគីទាំងពីរ នឹងពិនិត្យលទ្ធភាព ក្នុងការរៀបចំកិច្ចប្រជុំនេះ នៅដើមឆ្នាំ២០១៩ ខាងមុខ ។
លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកបញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំនួបពិភាក្សាការងារជាមួយ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងជំនួបនោះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា វត្តមានរបស់ លោកបញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការលើកទឹកចិត្តដល់នគរបាលជាតិកម្ពុជា ដែលពេលកន្លងមកនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ តែងតែបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដូចជា៖ បទល្មើសភេរវកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែលនានាជាច្រើន ហើយជាពិសេសអាជ្ញាធរថៃ ក៏បានជួយគាំពារពាក់ព័ន្ធ ទៅនឹងពលករបរទេស ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ ។
លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញនូវគោលជំហរថា នឹងខិតខំប្រឹងប្រែងក្នុងការការពារសុវត្ថិភាព សុខសន្តិភាព ជូនដល់ភ្ញៀវទេសចរណ៍ និងវិនិយោគិនថៃ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ផងដែរ ហើយនៅពេលខាងមុខកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំៗនានាដូចជា៖ កិច្ចក្រជុំអាយប៉ា (AIPA) នៅខេត្តសៀមរាប និងកិច្ចប្រជុំ អាស៊ានណាប៉ូល (Asenapol) នៅឆ្នាំ២០២០ ដែលទាំងនេះក៏ត្រូវការការសហការយ៉ាងល្អរវាងប្រតិភូថៃផងដែរ ។
ក្នុងជំនួបនោះដែរ លោកបញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការបង្ការ និងបង្រ្កាបគ្រឿងញៀននាពេលកន្លងមក ហើយក៏បានបញ្ជូនតំណាងទៅធ្វើការនៅប្រទេសថៃ ដើម្បីទប់ស្កាត់នូវបញ្ហានេះផងដែរ ។ ជាពិសេសនគរបាលជាតិកម្ពុជា នៅពេលកន្លងមកបានការពារភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនថៃ ដែលកំពុងតែរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការការពារយ៉ាងដិតដល់និវេសនដ្ឋាន និងស្ថានទូតថៃ ប្រចាំនៅកម្ពុជាផងដែរ ។
លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ ពាក់ព័ន្ធទៅនឹងការការពារព្រំដែន រវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយលោក ក៏បានរំពឹងទុកថា នឹងបានជួបប្រជុំពាក់ព័ន្ធ ទៅនិងការងារព្រំដែននេះ រវាងថៃនិងកម្ពុជា នៅពេលឆាប់ៗនេះផងដែរ ៕