កំពុងរៀបចំធ្វើការតុបតែងភ្លើង ចាក់អ៊ុតកៅស៊ូផ្លូវ សួនច្បារ ,ដាក់ភ្លើងបំភ្លឺតាមដើមឈើអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨
ភ្នំពេញ៖មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងកាលពីរសៀលថ្ងៃទី៣០តុលានេះថា៖ឆ្នាំ២០១៨នេះក៏ដូចឆ្នាំមុនៗរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំតុបតែងលម្អរតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញមកទទួលភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពី ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ឆ្នាំ២០១៨។
មន្ត្រីបន្តថា៖ដើម្បីត្រៀមចូលរួមអបអរសាទរបុណ្យអុំទូកខាងលើនេះរដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងអង្គភាពនានានៃមន្ទីរជំនាញបាននឹងកំពុងរៀបចំធ្វើការតុបតែងភ្លើង ចាក់អ៊ុតកៅស៊ូផ្លូវ សួនច្បារ ដាក់ភ្លើងបំភ្លឺតាមដើមឈើអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨។ជាក់ស្ដែងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតកៅស៊ូផ្លូវលេខ ១៥៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់តិរិវិថី ព្រះស៊ីសុវត្ថិ។នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ ១៤៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់តិរិវិថីស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ។
ក្នុងនោះលើងបំភ្លឺផ្លូវមួយចំនួនក្នុងខណ្ឌដូនពេញ ផ្លូវក្នុងខណ្ឌចំកាមននិងរហូតដល់ផ្លូវជាតិលេខ៤ ចំនួន ១២៤បង្គោល ចាប់ពីមហាវិថីឈ្នះឈ្នះដល់សាលាក្តីខ្មែរក្រហម បានដាក់ឱ្យបំភ្លឺចាប់ពីយប់នេះតទៅ។ក្នុងនោះមានផ្លូវជាតិលេខ៥,ផ្លូវជាតិលេខ៦,ផ្លូវជាតិលេខ១ ,ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣ព្រមទាំងផ្លូវក្រវាត់ទីក្រុងទី២ថែមទៀតផង។
មន្ត្រីបានបន្ថែមទៀតថា៖ដោយឡែកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន នូវម៉ូតខ្លោងដែលមានសោភណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។ ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំងដែលបានត្រៀមទុកជាស្រេច។
៤ទីតាំង រួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ, របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត និងរបារកាត់ទទឹងតិរវិថីព្រះស៊ីសុវត្ថិចំណុចសួនព្រះគន្លុង។រូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។ ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល៕