ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវីធីនិងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

37

 

ភំ្នពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលបំប៉នជំនាញស៊ើបអង្កេត បទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវីធីនិងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ នាយករងមន្ទីរ និងសិក្ខាកាមចំនួន៦៨នាក់ ស្រី៨នាក់ ។

លោកវរសេនីយ៍ឯក ហុង វណ្ណរិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឡើងរាយការណ៍ ស្តីពីការសិក្សាដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឃើញថា សិក្ខាកាមបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេស និងទទួលបានចំណេះជំនាញល្អ និងមធ្យម។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍កោតសរសើរ ដល់គណៈគ្រប់គ្រងវគ្គដែលបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់យើង ឱ្យកាន់តែមានចំណេះ និងជំនាញ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រំ សន្ធរ បានគូសបញ្ជាក់ថា គ្រឿងញៀនកំពុងគម្រាមកំហែងគ្រប់ទីកន្លែង ជាពិសេសលើអ្នកប្រើប្រាស់ គ្រប់ច្រកល្ហក តាមទីជនបទ និងមានផលប៉ះពាល់ដល់សង្គមជាតិ។ ក្នុងន័យនេះ ទើបយើងជំរុញឱ្យមានការបើកវគ្គបំប៉នជំនាញ ដល់មន្ត្រីអនុវត្តច្បាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យមានចំណេះ និងជំនាញ ក្នុងការបន្តការស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ឲ្យស្របទៅនឹងរាជរដ្ឋាភិបាលនីតិកាលទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិ៍ភាព និងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតី កងកម្លាំងជួរមុខ ,ការបំប៉នជំនាញ វិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុត និងដោយអនុវត្តតាមផែនការ ដែលបានគ្រោងទុកអោយស្របទៅ និងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ សម្រាប់ឆ្នាំ២០២៣។

ឯកឧត្តមអគ្គស្នងការរងបានបន្តថា ក្រោយពីបញ្ចប់វគ្គនេះ សូមសិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញទៅបំរើផលប្រយោជន៍ជូនដល់អង្គភាព និងចែករំលែកបទពិសោធន៍ជូនដល់មន្ត្រីដទៃទៀត និងប្រើប្រាស់ចំណេះដឹងស្របទៅនឹងវិជ្ជាជីវៈ ដើម្បីអនុវត្តកិច្ចការងារក្នុងអង្គភាពអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅលុបបំបាត់ ការផលិត-ការជួញដូរ-ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្រប់រូបភាព។ ត្រូវប្រើចំណេះជំនាញស្របទៅនិងច្បាប់ ហើយស្មោះត្រង់ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ។

ជាមួយគ្នានេះដែរ ឯកឧត្តមសង្ឃឹមថា និងមានវគ្គបំប៉នជំនាញនេះបន្តបន្ទាប់ទៀត សម្រាប់មន្ត្រីអនុវត្តច្បាប់នៅមន្ទីរប្រឆាំងគ្រឿងញៀន ឱ្យបានគ្រប់ៗគ្នា និងអាចបន្តបើកវគ្គតាម បណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង