ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុននឹងផ្តល់ ឱកាសការងារដល់យុវជនកម្ពុជា ជាមួយក្រុមហ៊ុនធំៗ នៅប្រទេសជប៉ុន

167


ភ្នំពេញ៖ បច្ចុប្បន្នយុវជនកម្ពុជា មានសមត្ថភាព ដូចយុវជនដទៃទៀត នៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដូច្នេះជប៉ុននឹងផ្តល់ ឱកាសការងារដល់យុវជនកម្ពុជា ជាមួយក្រុមហ៊ុនធំៗ នៅប្រទេសជប៉ុន។

នាទីស្តីការក្រសួង រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឲ្យលោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Concierge ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនក្នុងការផ្តល់ ឱកាសការងារដល់យុវជន សិស្សនិស្សិតនៅតាមបណ្តាលប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីមានឳកាស ទៅធ្វើការនៅប្រទេសជប៉ុន។

លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គោលបំណងដែលរូបលោក និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសុំកិច្ចគំាទ្រពីខាងក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដើម្បីបើកការិយាល័យក្រុមហ៊ុននៅកម្ពុជា ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា មុននឹងបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។ លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍១០ឆ្នាំមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍ គឺទទួលបានជោគជ័យជាខ្លាំង ។ លោកថា បច្ចុប្បន្ននេះយុវជនកម្ពុជា ក៏មានសមត្ថភាព ដូចយុវជនដទៃទៀត នៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដែលទទួលបានឱកាសទៅធ្វើការនៅប្រទេសជប៉ុន។

ឆ្លើយតបទៅនឹងគោលបំណងនេះលោកមរដ្ឋមន្ត្រី រីករាយស្វាគមន៍ និងគាំទ្រចំពោះសំណើនេះ ដោយលោករដ្ឋមន្ត្រីស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធី ដែលតម្រូវទៅតាមច្បាប់ជាមុនសិន។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះកម្ពុជា មានក្រុមហ៊ុនសហគ្រាសជាច្រើន របស់ជប៉ុន ចូលមកវិនិយោគនៅកម្ពុជា។ រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជាក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ មកដល់ពេលនេះកម្មសិក្សាការីកម្ពុជា មានប្រហែលជាង៨ពាន់នាក់ កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុនមានកម្លាំងពលកម្មច្រើន ទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។

បើតាមការបញ្ជាក់ពីលោក ងុយ រិទ្ធ នាយករងខុទ្ទកាល័យលោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការផ្តល់ វគ្គបណ្តុះបណ្តាលដល់និស្សិតវ័យក្មេង ទទួលបានឱកាស ទៅធ្វើការនៅជប៉ុន ជាមួយនឹងក្រុមហ៊ុន
ល្បីៗដូចជាក្រុមហ៊ុនSONY ក្រុមហ៊ុនPANASONIC ក្រុមហ៊ុនHONDA និង ក្រុមហ៊ុនTOYOTAជាដើម។ ក្រុមហ៊ុននេះបានផ្តល់ ឱកាសទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាដែរហើយ។

លោក ងុយ រិទ្ធ បញ្ជាក់ថា យុវជន និស្សិតកម្ពុជា នឹងទទួលបាននូវ ឱកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំ។ នេះជា ឱកាសដែលយើងមិនធ្លាប់មានពីមុន ដែលពីមុនកម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋការការងារនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ ឱកាសឲ្យយុវជនកម្ពុជាទទួលបាននូវទិដ្ឋការការងារតែម្តង ធ្វើការបានរហូតពី៥ទៅ១០ឆ្នាំឯណោះ។ ពេលដែលយុវជនកម្ពុជាបានទៅធ្វើការជាមួយក្រុមហ៊ុនល្បីៗ ពួកគេនឹងមានសមត្ថភាពកាន់តែខ្ពស់ ខណៈបានវិលត្រឡប់មកបម្រើការងារឲ្យក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសជាតិវិញ ដែលជាប្រភពធនធានមនុស្ស ដ៏សំខាន់ចាំបាច់ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង