សមត្ថកិច្ចបង្ក្រាបទីតាំងកែច្នៃផលិតសារធាតុញៀន និងកាន់កាប់អាវុធ គ្រាប់រំសេវនៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃផលិត ជួញដូរ រក្សាទុកចាត់ចែង សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាច្រើនគីឡូក្រាម និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតិនៅក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ច បានបង្ហាញកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ហើយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីទៀបភ្លី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដឹកនាំដោយលោក អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ បានបើកប្រតិបត្តិការឆ្ម.ក់ចូលបង្ក្រាបទីតាំងកែច្នៃផលិត ជួញដូរ និងរក្សាទុក ចាត់ចែងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចអគារផ្ទះសំណាក់ខារ៉ាអូខេ យីហោ «ណានយ៉ាង៨៩» ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា ជាលទ្ធផលករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤៩នាក់ ក្នុងនោះស្រី១២នាក់ មាន៣សញ្ជាតិ (ជនជាតិវៀតណាមចំនួន៤៣នាក់ ស្រី១១នាក់ ជនជាតិចិនតៃវ៉ាន់ចំនួន០៥ នាក់ និងជនជាតិខ្មែរចំនួន២នាក់ ស្រីម្នាក់)។ ចំណែកវត្ថុតាងដែលចាប់បានវិញ រួមមាន ៖
១- សារធាតុញៀនសរុបទម្ងន់ ១៥.៣០៨,៧៤ក្រាម (១៥គីឡូ ៣០៨,៧៤ ក្រាម) ក្នុងនោះមាន ៖ ថ្នាំញៀ.នប្រភេទកេតាមីន ទម្ងន់៥៦៨៨,១៩ក្រាម (៥គីឡូ៦៨៨,១៩ក្រាម)។ ថ្នាំញៀ.នប្រភេទ អិចស្តាស៊ី ទម្ងន់៧១៤៩,៣៤មក្រាម (៧គីឡូ១៤៩,៣៤ក្រាម)។ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤៩២,០៨ ក្រាម។ ថ្នាំប្រភេទនីមេតាហ្សេប៉ាម ទម្ងន់ ១.៩៥១,៥២ ក្រាម។ ថ្នាំប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ១៦,៣១ ក្រាម និងម្សៅចម្រុះពណ៌ (MDMA)ទម្ងន់ ១១,៣១ ក្រាម។
២- រុក្ខជាតិក្រៀម ទម្ងន់ ៣៥០,៨១មក្រាម។
៣- សារធាតុមិនច្បាស់លាស់ ទម្ងន់ ៤២.១៤៣,១១ ក្រាម។
៤- សារធាតុគីមី ១០៣២ ក្រាម។
៥- សារធាតុគីមីផ្សំ ៥៥០០ ក្រាម។
៦- ជញ្ជីងថ្លឹងថ្នាំញៀ.នចំនួន១៤គ្រឿង។
៧- ម៉ាស៊ីនកែច្នៃផលិត និងម៉ាស៊ីនវេចខ្ចប់ រួមជាមួយឧបករណ៍សម្ភារៈមួយចំនួនទៀត។
៨- អាវុធខ្លីចំនួន០៣ដើម គ្រា.ប់ចំនួន១៥០គ្រា.ប់។
៩- លិខិតឆ្លងដែនចំនួន១៩ក្បាល។
១០- រថយន្តចំនួន០៥គ្រឿង។
១១ – ទូរស័ព្ទដៃចំនួន៤៥គ្រឿង
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕




















