កម្ពុជា និងUN ត្រៀមបើកការិយាល័យ សម្រាប់ត្រួតពិនិត្យគ្រឿងញៀន តាមផ្លូវអាកាស នៅព្រលានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ភាគីកម្ពុជា និងភាគីUN បានជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការអនុវត្តកម្មវិធីត្រួតពិនិត្យគ្រឿងញៀន នៅតាមកំពង់ផែអន្តរជាតិ និងត្រៀមបើកសម្ពោធការិយាល័យ សម្រាប់ត្រួតពិនិត្យគ្រឿងញៀន តាមផ្លូវអាកាស នៅព្រលានអន្តរជាតិភ្នំពេញ នៅដើមខែធ្នូឆ្នាំ២០១៨ខាងមុខ
នៅថ្ងៃអង្គារ ៦ ទី៣០ ខែតុលា ឆ្នាំ២០១៨លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតលោកលោក ម៉ាក ស្ទេនទ្បេ (Mark Stanley) អ្នកសម្របសម្រួលតំបន់ កម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់អង្គការ UNODC ដើម្បីជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការអនុវត្តកម្មវិធីត្រួតពិនិត្យគ្រឿងញៀន នៅតាមកំពង់ផែអន្តរជាតិ។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ភាគីយើងទាំងពីរបានជួបប្រជុំពិភាក្សាការងារ ពាក់ព័ន្ធការពង្រឹង និងលើកកម្ពស់កិច្ចការងារនៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ រួមជាមួយការគាំទ្រឲ្យមានដំណើរការនូវយន្តការនេះ ប្រកបដោយនិរន្តរភាព ពីភាគីផ្តល់ជំនួយតាមរយ:អង្គការUNODC។
ជាមួយគ្នានេះ លោកម៉ាក ស្ទេនឡេ តំណាងភាគីUN ក៏បានលើកឡើងពីការបំពាក់ឧបការណ៍សម្ភារៈ សម្រាប់ដំណើរការការិយាល័យ ត្រួតពិនិត្យការដឹកជញ្ជូន តាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រៀមសុំកិច្ចសហការ ដើម្បីបើកសម្ពោធ ការិយាល័យនៅដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដោយតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿញៀន និងឧក្រឹដ្ឋកម្មUNODC និងស្ថាប័នពាក់ពន័្ធរបស់ភាគីកម្ពុជា៕