សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំងឺមិនឆ្លង បានជះឥទ្ធិពលយ៉ាងខ្លាំង ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ និងបានបង្កើនជាបន្ទុកបន្ថែមដល់ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ
ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្រ្ដ និងការអភិវឌ្ឍ បានអញ្ចើញជាអធិបតិ បិទសិក្ខាសាលា ពិគ្រោះយោបល់ស្ដីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងវិធានការ ដើម្បីកាត់ បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមក ពី ជំងឺមិនឆ្លង» នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀល ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសសើរចំពោះលទ្ធផល នៃអង្គសិក្ខាសាលាដែលបានប្រព្រឹត្តទៅប្រកប ដោយ ជោគជ័យគួរជាទីកត់សម្គាល់ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ និងការចែករំលែកអំពីក្របខណ្ឌ យន្តការបង្ការ និងការពារជំងឺមិនឆ្លងទៅតាមបរិបទនៃប្រទេសរៀងគ្នាខ្លួន ដើម្បីជាការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមក សម្រាប់សុខុមាលភាពប្រជាជន របស់យើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យរួមរបស់អាស៊ាន។ លទ្ធផលក្នុងថ្ងៃនេះនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ពង្រឹងការអនុវត្តផែនការសកម្មភាព ស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ត ទៀតថា ជំងឺមិនឆ្លងនេះ មិនត្រឹមតែជាកង្វល់ផ្នែកសុខុមាលភាពរបស់ប្រជាជនវ័យចាស់នោះទេ យុវជនប៉ុណ្ណោះទេ វាបានបង្ករឲ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ច ដែលបញ្ហានោះប្រឈមនឹងជំងឺ មិនឆ្លងរ៉ាំរ៉ៃជាច្រើនផងដែរ មានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងលើសជាតិខ្លាញ់ជាដើម ដែលជាបច្ច័យនៃរបបរស់នៅ និងរបបអាហារដែលគ្មានសុខភាព និងសុវត្ថិភាព និងបានជះឥទ្ធិពលក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងគ្រប់ទិដ្ឋភាព គ្រប់វិស័យ ដោយបានបង្កើនជាបន្ទុកបន្ថែមដល់ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីសម្រេចសក្ដានុពលរបស់ខ្លួនឱ្យបានពេញលេញ៕. ដោយ សំរិត