សម្តេចធិបតី បានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុន ចំនួន១២ ដែលសម្រេចចិត្តបោះទុនវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា
ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអនុញ្ញាតជូន ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិ ចំនួន១២ ក្រុមហ៊ុនចូលជួបសម្តែងការគួរសម, សម្តេចធិបតី បានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុន និង ស្ថាប័នទាំងនោះ ដែលសម្រេចចិត្តបោះទុនវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយអាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មាន, ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអនុញ្ញាតជូន ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិ ចំនួន១២ ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម ក្នុងនោះរួមមាន ក្រុមហ៊ុន Yasaki (Cambodia) Wiring Systems Co., Ltd. ក្រុមហ៊ុន សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ក្រុមហ៊ុន Sumitomo Corporation ក្រុមហ៊ុន Pharma Foods International Co., Ltd. ក្រុមហ៊ុន Ehime Package ក្រុមហ៊ុន Kojima Holdings Co., Ltd. ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុន Meiji Co., Ltd. ក្រុមហ៊ុន ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ក្រុមហ៊ុន AEON MALL Co., Ltd. ក្រុមហ៊ុន NTT DOCOMO INC. ក្រុមហ៊ុន DMG MORI CO., Ltd. និងស្ថាប័ន Japan External Trade Organization ផងដែរ។ ក្នុងជំនួបដាច់ដោយឡែកនោះ តំណាងក្រុមហ៊ុន និងស្ថាប័ននីមួយៗ បានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងពង្រឹង និងពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ដែល បានបង្កនូវលក្ខណៈអំណោយផលគ្រប់បែបយ៉ាងធ្វើឱ្យក្រុមហ៊ុនមានដំណើរការដោយរលូន និងមានទំនុកចិត្តក្នុង ការពង្រីកសកម្មភាពវិនិយោគថ្មីៗបន្ថែមទៀត។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុន និង ស្ថាប័នទាំងនោះ ដែលសម្រេចចិត្តបោះទុនវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ធានានិរន្តរភាព នៃបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញគោលនយោបាយ ច្បាប់វិនិយោគ យន្តការអនុវត្ត និងក្របខ័ណ្ឌ គតិយុត្តថ្មីៗ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្លឹកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម។
ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖