លោកស្រី Kanetou Rei ម្ចាស់មេដាយមាសអូឡាំពិកលើវិញ្ញាសារហែល ទីក្រុងRio ឆ្នាំ២០១៦ មកចែករំលែកបទពិសោធន៍
ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបពិភាក្សា ការងារជាមួយលោកស្រី Kanetou Rei ដែលជាម្ចាស់មេដាយមាសអូឡាំពិក ទីក្រុងRio ឆ្នាំ២០១៦ ដោយមានការអមដំណើរពីលោក ហែម គិរី អគ្គនាយកសហព័ន្ធកីឡាហែលទឹកកម្ពុជា។
លោកស្រី Rei ជាកីឡាករតំណាងឱ្យប្រទេសជប៉ុន បានឈ្នះមេដាយមាសមួយគ្រឿងលើវិញ្ញាសារហែល របៀបកង្កែបចម្ងាយ២០០ម៉ែត្រ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងRioឆ្នាំ២០១៦។
ជាមួយនឹងបទពិសោធន៍រយៈពេល២០ឆ្នាំនៃការហ្វឹកហ្វឺនជាអត្តពលិកមុននឹងឈ្នះបានមេដាយមាស លោកស្រី Rei បានអញ្ជើញមកកម្ពុជាដើម្បីបង្វឹក និងជំរុញលើកទឹកចិត្តដល់ក្រុមកីឡាករហែលទឹកកម្ពុជា ដែលនឹងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលអនាគត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
លោក ទេសរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរដល់លោកស្រី Rei ដែលបានចែករំលែកបទពិសោធន៍ និងបច្ចេកទេសហ្វឹកហាត់ជាមួយកីឡាករហែលទឹកកម្ពុជា និងជួយឱ្យពួកគេអាចត្រៀមខ្លួនបានកាន់តែ ប្រសើរសម្រាប់ការប្រកួតប្រជែងអន្តរជាតិ។