គណៈប្រតិភូវិនិយោគិន CMA CGM Group មានបំណងសិក្សាស្វែងយល់ពីសក្ដានុពល វិនិយោគក្នុងវិស័យអេឡិចត្រូនិក និងឡូជីស្ទីក
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ CMA CGM Group តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា តំណាងដោយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច ក្នុងគោលបំណងបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យអេឡិចត្រូនិក និងឡូជីស្ទីក នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការវិនិយោគលើការប្រើប្រាស់រថយន្ដដឹកជញ្ជូនអគ្គិសនី (Electric Vehicle) ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនឲ្យបានច្រើននៅកម្ពុជា ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានា ដែលរួមចំណែកដល់ការកាត់បន្ថយចំណាយឡូជីស្ទីក រួមបញ្ចូលទាំងការដឹកជញ្ជូនប្រព័ន្ធត្រជាក់ (Cold Chain Logistic System) ជាដើម។
មានមតិក្នុងជំនួបដ៏ប្រពៃនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាអញ្ជើញមកសិក្សាស្វែងយល់បន្ថែម អំពីនីតិវិធីនៃការវិនិយោគលើវិស័យខាងលើសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគ ក្នុងវិស័យនេះដូចមានចែងក្នុងរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមា ពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រលបដោយនវានុវត្តន៍នេះ៕