រដ្ឋមន្ត្រីក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ និងប្រកាសស្តីពីការប្រែក្លាយថ្នាក់មត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធគ្រឹះស្ថាន មត្តេយ្យសិក្សា ឬបឋមសិក្សាសាធារណៈ
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ និងប្រកាសស្តីពីការប្រែក្លាយថ្នាក់មត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធគ្រឹះស្ថាន មត្តេយ្យសិក្សា ឬបឋមសិក្សាសាធារណៈ ព្រមទាំងមានការចូលរួមពី មន្ត្រីជំនាញ និងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត អភិបាល អភិបាលរង នៃរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ នាយិកាសាលាមត្តេយ្យសិក្សារដ្ឋគោលដៅតំណាងដៃគូអភិឌ្ឍសរុបចំនួន ៤៤៥នាក់ នៅព្រឹកថ្ងៃទី២១ ធ្នូ ២០២៣ ។
គោលបំណងសិក្ខាសាលានេះធ្វើឡើងដើម្បី៖
១. ផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ។
២. ផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តប្រកាស ស្តីពីការប្រែក្លាយមត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធ គ្រឹះស្ថានមត្តេយ្យសិក្សា ឬបឋមសិក្សាសាធារណៈ។
៣. ពិភាក្សា និងចែករំលែកបទពិសោធការអនុវត្តជាក់ស្ដែង។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ សំដៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ក្នុងនោះគោលដៅទី៤.២ បានកំណត់ថា ត្រឹមឆ្នាំ២០៣០ ធានាថាកុមារី និងកុមារាទាំងអស់ទទួល បានការអប់រំកម្រិតមត្តេយ្យសិក្សា ការថែទាំ និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព ដើម្បីពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ លោកជំទាវ ឯកឧត្តម លោក លោកស្រី និងសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តស្តង់ដាសាលា មត្តេយ្យសិក្សាគំរូ នាពេលនេះ។
តាមអនុសាសន៍របស់ ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការគន្លឹះចំនួន៤ ផងដែរ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖
ទី១).ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស
ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ“។
ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ ចេញនាពេលកន្លងមក ដោយបញ្ជ្រាបចំណុចគន្លឹះទាំង ៤ខាងលើទៅក្នុង “ស្តង់ដាសាលារៀនគំរូ” ចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សារួមមាន៖
• ស្តង់ដាទី១ ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស
• ស្តង់ដាទី២ ផ្តោតលើ ការបង្រៀន និងរៀន
• ស្តង់ដាទី៣ ផ្តោតលើ ការចូលរួមរបស់សហគមន៍
• ស្តង់ដាទី៤ ផ្តោតលើ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន
• ស្តង់ដាទី៥ ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើឡើងបន្ថែមទៀតថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនជាបន្តបន្តបន្ទាប់របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ការអប់រំកុមារតូចបានដើរតួនាទីយ៉ាង សំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ជាក់ស្ដែងការស្រាវជ្រាវជាច្រើនបានឱ្យដឹងថាកុមារដែលបានទទួលសេវាអប់រំកម្រិតមត្តេយ្យសិក្សា តែងតែបានចូលរៀននៅកម្រិតបឋម សិក្សាដោយជោគជ័យហើយភាគច្រើន រៀន ចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។ ក្នុងវ័យដំបូងរបស់កុមារ គឺជាអំឡុងពេលដែលមាតាបិតាឬអ្នកផ្តល់សេវាអប់រំ កុមារតូចត្រូវផ្តល់អាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យកោសិកាខួរក្បាល មានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាល ដំបូងនេះ កោសិកាខួរក្បាលកុមារ មានការលូតលាស់យ៉ាងឆាប់រហ័ស ក្នុងការអភិវឌ្ឍ និងការបណ្តុះ បំណិនផ្សេងទៀត ដូចជាបំណិនសង្គម ភាពក្លាហាន ភាពអំណត់ វិន័យ សីលធម៌ ឥរិយាបថ និងបំណិនទំនាក់ទំនងរបស់កុមារ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធានា ជោគជ័យក្នុងជីវិតរបស់កុមារ៕