ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បណ្ដេញមន្រ្តីនគរបាលពាក់ស័ក្តិ៤ សួន តុសិត្យពិទូរ្យ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញពីក្របខ័ណ្ឌ

32

 

ភ្នំពេញ ៖ មន្រ្តីនគរបាលពាក់ស័ក្តិ៤ សួន តុសិត្យពិទូរ្យ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ។
មន្រ្តីនគរបាលរូបនេះ ធ្លាប់ត្រូវបានចាប់ខ្លួននៅខេត្តកំពត កាលពីដើមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ រួមជាមួយបក្ខពួក ៩នាក់ផ្សេងទៀត ពាក់ព័ន្ធប្រើហិង្សាលើអ្នកចាក់សាំង និងគ្រឿងញៀនផងដែរ ដោយសារពេលសមត្ថកិច្ចឃាត់ខ្លួន សមត្ថកិច្ចឆែករកឃើញថ្នាំញៀនមួយចំនួន

បើតាមសេចក្ដីសម្រេចដែលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។

លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។

បើតាមប្រសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលលោកតែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕

អត្ថបទដែលជាប់ទាក់ទង