ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជា ចាប់ដៃគូជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីជំរុញហិរញ្ញប្បទានបៃតង គាំទ្រសកម្មភាពអាកាសធាតុ

39

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ ៖ ដើម្បីចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាក់ទាញហិរញ្ញប្បទានបៃតង ធនាគារជាតិនៃកម្ពុជា (NBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតងក្នុងគោលដៅគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង។

បច្ចុប្បន្ន ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ ផ្អែកលើសន្ទស្សន៍នៃការវាយតម្លៃហានិភ័យជាសកលពីប្រភពចំហ លើកត្តាមនុស្សធម៌ និងគ្រោះមហន្តរាយ។ ប្រទេសកម្ពុជាប្រឈមខ្លាំងទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់តែមានការវិវិត្តមិនល្អក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

ប្រសិនបើគ្មានវិធានការបន្សាំ និងការកាត់បន្ថយឱ្យបានត្រឹមត្រូវទេ ការប្រែប្រួលអាកាសធាតុអាចបណ្តាលឱ្យសេដ្ឋកិច្ចកម្ពុជាថយចុះប្រមាណ ៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមឆ្នាំ២០៥០ ខណៈដែលអត្រាភាពក្រីក្រអាចកើនរហូតដល់ ៦% ត្រឹមឆ្នាំ២០៤០ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ស្តីពីស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា/ Country Climate and Development Report (CCDR) ដែលទើបចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។ របាយការណ៍នេះបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាត្រូវការការវិនិយោគបន្ថែមប្រមាណ ៣៦ពាន់លានដុល្លារអាមេរិក ពីវិស័យសាធារណៈ និងវិស័យឯកជន សម្រាប់រយៈពេល ៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបានតាមគោលដៅអាកាសធាតុអព្យាក្រឹតកាបូននៅមុនឆ្នាំ២០៥០។

ឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍លើកឡើងថា “វិស័យហិរញ្ញវត្ថុ ដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការជំរុញការបញ្ចេញដើមទុនសម្រាប់គម្រោងដែលមិនមានផលប៉ះពាល់អាកាសធាតុ ប៉ុន្តែការណ៍នេះតម្រូវឱ្យមានគោលនយោបាយសមស្រប និងការបង្កើតបរិយាកាសអំណោយផល”។ ឯកឧត្តម បានបន្ថែមទៀតផងដែរថា “ធនាគារជាតិនៃកម្ពុជាប្តេជ្ញារៀបចំអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុបៃតងមួយដ៏រឹងមាំ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលគាំទ្រការបញ្ជូន និងជំរុញការវិនិយោគលើគម្រោងបៃតងក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់មហិច្ឆតាពាក់ពន្ធ័នឹងអាកាសធាតុរបស់រដ្ឋាភិបាល ដូចមានចែងនៅក្នុងរបាយការណ៍ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។

បច្ចុប្បន្ន មានកត្តាមួយចំនួនដែលរារាំងសក្តានុពលហិរញ្ញប្បទានបៃតងរបស់កម្ពុជា ដូចជាកង្វះការណែនាំអំពីចារឹកលក្ខណៈនៃហិរញ្ញប្បទានបៃតង និងកង្វះខាតគោលនយោបាយបៃតងដើម្បីជំរុញការច្នៃប្រឌិត ការណែនាំ និងការអនុវត្តហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ តាមរយៈការបង្កើតប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុជាតិ (National Taxonomy) ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលនឹងជួយកំណត់ទ្រព្យសកម្មដែលមានចារឹកលក្ខណៈជាការវិនិយោគបៃតង។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះនឹងជួយបង្កើនសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងរៀបចំគោលការណ៍ណែនាំពាក់ព័ន្ធ ដូចជាការរាយការណ៍និងស្តង់ដារនៃការបង្ហាញព័ត៌មានទាក់ទងនឹងការផ្តល់ឥណទានបៃតង និងគម្រោងហិរញ្ញប្បទាននានាពាក់ព័ន្ធនឹងហានិភ័យបរិស្ថាន សង្គម និង អភិបាលកិច្ច (ESG)។

លោក ASAD YAQUB ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា «កិច្ចព្រមព្រៀងនេះ ចូលរួមគាំទ្រដល់មហិច្ឆតាពាក់ពន្ធ័នឹងអាកាសធាតុរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងជំរុញទីផ្សារហិរញ្ញប្បទានបៃតងមួយដ៏រឹងមាំ។ ក្នុងនាមជាអ្នកនាំមុខផ្នែកហិរញ្ញប្បទានបៃតងសកល សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានជំហរពិសេសក្នុងការជួយប្រជាជាតិកម្ពុជាកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ ដើម្បីចូលរួមចំណែកក្នុងផែនការពង្រីកកំណើនបរិយាបន្នបៃតងដើម្បីពង្រឹកភាពធន់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត ” ។

ដោយមានការគាំទ្រពីគម្រោងសម្រាប់សេវាប្រឹក្សាការវិនិយោគបម្រែបម្រួលបរិយាកាស (Facility for Investment Climate Advisory Services, FIAS) គម្រោងនេះមានរយៈពេល ៣ឆ្នាំ ហើយប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុជាតិ ត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង