ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដើម្បីសិស្សានុសិស្សដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់

40

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២១ខែធ្នូ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដែលពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

ក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងទទួលបាន “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ.។

សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

នេះជាលើកទី២ ដែល ក.អ.យ.ក. និង ក.ប.ទ. បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិដែលមានដាក់ QR Code ស្តង់ដា”។ កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ ដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ (Soft Copy) ដោយចូលទៅក្នុង Telegram Bot ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ” តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-ii ឬស្កេន QR Code ដូចមានជូនភ្ជាប់ខាងក្រោម បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាឯកសាររឹង (Hard Copy) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តនិងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន។

អាស្រ័យហេតុនេះ សូម មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង