ឃាត់ខ្លួនចោរប្លន់ម៉ូតូ៣នាក់ ក្រោយពីធ្វើសកម្មភាពវ៉ៃប្លន់ម៉ូតូបានរយៈពេល២ថ្ងៃ
ភ្នំពេញ៖ ក្រុមចោរប្លន់៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វើសកម្មភាពវ៉ៃប្លន់ម៉ូតូពីជនរងគ្រោះបានរយៈពេល២ថ្ងៃ ។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៣១ខែតុលានេះដោយពីលទ្ធផលនៃការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (យកខ្សែក្រវាត់វាយជនរងគ្រោះប្លន់យកម៉ូតូ)កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២ ០១៨ វេលាម៉ោង១៣,៣០នាទីត្រង់ចំណុចផ្ទះជួលនាភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក កំលាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស វាយយកម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១DE ២១៨២ របស់ជនរងគ្រោះឈ្មោះ បូ វណ្ណដេត ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦៦B ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរ នៅផ្ទះ។
លោកអធិការបន្តទៀតថាជនសង្ស័យមានគ្នា០៣នាក់រួមមាន ១_ ឈ្មោះឡើ វ៉ាហេត ហៅ រ៉ន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ១២៧ ភូមិ២ សង្កាត់ច្រាំចំរេះ១ មុខរបរមិនពិតប្រកដ(ឃាត់ខ្លួន) មានសារធាតុញៀន ។
២_ ឈ្មោះស៊ុយ វណ្ណសកិ្ត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកខ្មៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀននិងទី៣ឈ្មោះ ហ្វី សូលី ភេទប្រុស២៥ឆ្នាំជនជាតិឥស្លាម ទីលំនៅភូមិ២ សង្កាត៉ច្រាំចំរេះ១ មុខរបរ កម្មករ (ឃាត់ខ្លួន) មានសាធាតុញៀន ។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបន្តទៀតថាកាលពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៨ វេលាម៉ោ៣,០០នាទីទៀបភ្លឺមានករណីវាយយកម៉ូតូដែលមានភិនភាគដូចខាងលើ ត្រង់ចំណុចក្រុម៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកលើកំណាត់ផ្លូវជាតិលេខ៥ ខណៈពេលដែលជនរងគ្រោះត្រឡប់មកពីជូនមិត្តភកិ្តទៅផ្ទះហើយម៉ូតូបែកកង់ខាងក្រោយ ប៉ុន្តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ រហូតដល់ម៉ោង៥ល្ងាចទើបមកដាក់ពាក្យបណ្តឹង។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កំលាំងជំនាញយើងបានសហការណ៍ជាមួយជនរងគ្រោះនិងកំលាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើនោះបានជាបន្តបន្ទាប់ និងដកហូតវត្ថុតាងរួមមានៈ ម៉ូតូបានចំនួន០២គ្រឿង
១_ម៉ាក MSX ពណ៌ក្រហមលាយខ្មៅគ្មានស្លាក
២_ ម៉ាកស៊ូរូស ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ ១AM១១២៨
ចំពោះមុខកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌតាមនីតិវិធី៕