ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បន្តចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណ្ដដី)ជូនប្រជាពលរដ្ឋសម្រាប់ភូមិចំការហ្លួង

46

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក សំ សុមនោ អនុប្រធានមន្ទីរៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ តំណាងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា អញ្ជើញជាអធិបតីភាពក្នុង ពិធីចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណ្ដដី)ជូនប្រជាពលរដ្ឋសម្រាប់ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានការចូលរួម លោក អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍របស់មន្ទីរដែនដី លោក សំ សុមនោ បានឲ្យដឹងថាខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានី ទាំង២៥ ដែលត្រូវបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ តាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលត្រូវបានគាំទ្រជំនួយបច្ចេកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសគឺការយកចិត្តទុកដាក់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថភាពនៃការកាន់កាប់ដីធ្លី ( ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និង គ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌។

លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា មានប្រសាសន៍ថាដីគឺជាអាយុជីវិត មានតែដី គ្មានបណ្ណ សម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានបណ្ណសំគាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូនថែរក្សាវាឲ្យបានល្អ ព្រោះវាផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។

លោកអភិបាលស្រុកបន្ថែមទៀតថា ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង