ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បណ្តេញនគរបាល នៃស្នងការដ្ឋាននគរបាលព្រៃវែង ចំនួន ១១រូបចេញពីក្របខ័ណ្ឌ ពាក់ព័ន្ធគ្រឿងញៀន

193

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចបណ្តេញនគរបាល នៃស្នងការដ្ឋាននគរបាលព្រៃវែង ចំនួន ១១រូបចេញពីក្របខណ្ឌនគរបាលជាតិ ក្រោយល្មើសវិន័យកងកម្លាំង( ពាក់ព័ន្ធគ្រឿងញៀន )។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។

ក្នុងប្រកាសពីរផ្សេងគ្នា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។

សូមរំលឹកថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អភិសន្ដិបណ្ឌិត ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ផ្ដើមធ្វើយុទ្ធការតេស្តពិនិត្យរកសារធាតុគ្រឿងញៀនពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយការពិនិត្យធ្វើតេស្តនេះ ចាប់ផ្ដើមពី លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ និងកម្លាំងនគរបាលទាំងអស់ នៃការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ការធ្វើតេស្តពិនិត្យរកសារធាតុគ្រឿងញៀននេះ ធ្វើឡើងចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ តទៅ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ ក្រោយពិនិត្យធ្វើតេស្តរកសារធាតុគ្រឿងញៀន ពីសំណាក់ លោក-លោកស្រី ស្នងការរង និងមន្ត្រីនគរបាលគ្រប់ការិយាល័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រុមការងារត្រួតពិនិត្យ នឹងបន្តចុះធ្វើការតេស្តពិនិត្យស្វែងរកសារធាតុគ្រឿងញៀន តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្តព្រៃវែងផងដែរ ។

សូមជម្រាបថា កម្លាំងនគរបាលទាំងអស់ទូទាំងខេត្តព្រៃវែង នឹងត្រូវធ្វើតេស្តពិនិត្យរកសារធាតុគ្រឿងញៀន ជាបន្តបន្ទាប់ដោយគ្មានចន្លោះម្នាក់ឡើយ ករណីមន្ត្រីនគរបាលរូបណាអវត្តមាន មិនព្រមមកធ្វើតេស្តពិនិត្យ នោះនឹងត្រូវទទួលវិន័យកងកម្លាំងនគរបាលជាតិ (០០៦) ហើយបើអវត្តមានមិនមកធ្វើតេស្តជាលើកទី២ នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

ជាមួយគ្នានេះ ករណីរកឃើញមន្ត្រីនគរបាលរូបណាពាក់ព័ន្ធនូវសារធាតុគ្រឿងញៀន មន្ត្រីនគរបាលរូបនោះ នឹងត្រូវលាឈប់ពីក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ។

ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តា អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
កម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឹងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង