ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យឆ្លងឆ្នាំ២០១៨ ធ្វើរយៈពេល៣យប់ ៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ

71


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ២០១៨ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង។

ថ្លែងពីលើវេទិកាក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានបញ្ជាក់ថា៖ យើងនឹងធ្វើបុណ្យ៣យប់ ៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ ថ្ងៃទី២៩-៣០-៣១ ឆ្លងឆ្នាំយើងរួមគ្នាមកឆ្លងឆ្នាំបាញ់កាំជ្រួច ឆ្លងឆ្នាំ២០១៨ ចូល២០១៩ នៅវិមានឈ្នះ-ឈ្នះរបស់យើង ខួបលើកទី២០ នៃថ្ងៃដែលយើងបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញចូលរួមក្នុងកម្មវិធីឆ្លងឆ្នាំ នៅវិមានឈ្នះ-ឈ្នះ បានច្រើនកុះករផងដែរ។ នេះជាថ្ងៃដែលសម្តេច ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត បានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ពេញលេញជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្តេចនឹងបើកឱ្យពលរដ្ឋខ្មែរ ទាំងអស់ឱ្យចូលរាំមកកម្សាន្តទាំងថ្ងៃទាំង ទាំងយប់ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នយោបាយឈ្នះ-ឈ្នះនេះ ហើយដែលធ្វើឱ្យប្រទេសកម្ពុជារបស់យើង ទទួលបាននូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយតាមរយៈនៃសន្តិភាព ដែលយើងរកបានដោយលំបាក តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ បាននាំមកនូវការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ ជាពិសេសមិនបណ្តាលឱ្យប្រជាជនកម្ពុជា ស្លាប់ដោយសារភ្លើងសង្គ្រាមដូចអតីតកាលទៀតនោះទេ។ ភាពជោគជ័យដែលនាំឱ្យមាន ការបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈនយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា មិនអាចកើតឡើងបានឡើយ បើគ្មានការគាំទ្ររបស់ជីដូនជីតា និងឪពុកម្តាយរបស់ក្មួយៗ កម្មករ-កម្មការិនីនោះទេ។

សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង