ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមុខងារសាធារណៈ បញ្ចប់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយជោគជ័យ

64

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី
ការបញ្ចប់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយជោគជ័យ។

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមជម្រាបជូនសាធារណជនជ្រាបថា ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបាន ប្រព្រឹត្តទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារព័ត៌មាន។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្អែកលើ គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការប្រឡងនាសម័យ ប្រឡងខាងលើ មានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៣១៧៣ នាក់ (ស្រី១៤៧៤នាក់) ដោយបានបើ ប្រាស់អគារប្រឡងចំនួន៣អគារ និងបន្ទប់ប្រឡងចំនួន៩៣បន្ទប់។ ដំណើរការរៀបចំប្រឡងប្រជែងបានចាប់ផ្ដើម ពីម៉ោង៦ព្រឹក តាមរយៈការតាក់តែងប្រធានវិញ្ញាសា, ការជ្រើសរើសប្រធានវិញ្ញាសា, ការថតចម្លងវិញ្ញាសា, រហូត ដល់ការបើកវិញ្ញាសាជូនបេក្ខជនដើម្បីចាប់ផ្តើមប្រឡងសំណេរ មុនពេលប្រឡង គណៈកម្មការរៀបចំការ ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានជូនដំណឹងដល់បេក្ខជនទាំងអស់ដើម្បីត្រៀមខ្លួនរួចជាស្រេចមុន ពេលមកមណ្ឌលប្រឡងអំពីបទប្បញ្ញត្តិ វិន័យ និងនីតិវិធីចាំបាច់នានាសម្រាប់ការប្រឡងឈរលើស្មារតីទទួល ខុសត្រូវ ក្នុងគោលដៅឆ្លើយតបទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈដែលមានចែងក្នុងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១។
បេក្ខជនគ្រប់ៗរូបត្រូវឆ្លងកាត់ច្រកត្រួតពិនិត្យ ចំនួន២កន្លែង ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលមកកាន់បរិវេណមណ្ឌលប្រឡង ហើយត្រូវបង្ហាញសលាកបត្រដើម្បីផ្ទៀងផ្ទាត់ព័ត៌មានយ៉ាង ហ្មត់ចត់មុនពេលអនុញ្ញាតចូលក្នុងបន្ទប់ប្រឡង។

នាវេលាម៉ោង ១២:០០ ថ្ងៃត្រង់ វិញ្ញាសាទី១ គឺជំនាញកសិកម្ម បានចាប់ផ្តើមរហូតដល់ម៉ោង១៤:០០ រសៀល។ វិញ្ញាសាទី២ គឺភាសាអង់គ្លេសចាប់ផ្តើមនាវេលាម៉ោង១៤:៣០នាទី ដល់ម៉ោង១៥:៣០នាទី រសៀល, និងទី៣ វិញ្ញាសាពហុចម្លើយ ចាប់ផ្តើមនាវេលាម៉ោង១៦:០០នាទី ដល់ម៉ោង១៧:០០នាទី រសៀល។ ទន្ទឹមនឹងនេះ ការប្រឡងប្រជែងត្រូវបានឃ្លាំមើល និងសហការសម្របសម្រួលបេក្ខជនដោយ អង្គភាពប្រឆាំងអំពើពុក រលួយចំនួន១១៩រូប, សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប, តំណាងសាកលវិទ្យាល័យចំនួន ៨រូប និង សាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្តចំនួន១០រូប រួមជាមួយអ្នកសារព័ត៌មានចំនួន២៣ រូប។ ក្នុងអំឡុងពេលដំណើរការប្រឡងវិញ្ញាសាទី៣ មានបេក្ខជនចំនួន១ រូប បានជួបប្រទះបញ្ហាសុខភាព ហើយត្រូវ បានអនុញ្ញាតឱ្យបន្តការប្រឡងនៅក្នុងរថយន្តសង្គ្រោះ តាមការស្នើសុំរបស់បេក្ខជន ដោយមានអ្នកសង្កេតការណ៍ នៅជាមួយផង។ ដំណើររៀបចំការប្រឡងសំណេរនៅមណ្ឌលប្រឡងបានបញ្ចប់នាម៉ោង១៩:០០នាទីយប់។

បន្ទាប់ពីការប្រឡងសំណេរបានបញ្ចប់ សន្លឹកកិច្ចការទាំងអស់ត្រូវបានវេចខ្ចប់ដោយសុវត្ថិភាព ហើយត្រូវ បានដឹកជញ្ជូនទៅមណ្ឌលកំណែដែលមានទីតាំងស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល ក្នុងថ្ងៃតែមួយនៃសម័យប្រឡង ដើម្បីបន្តនីតិវិធីកែសន្លឹកកិច្ចការនាថ្ងៃបន្ទាប់។ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដំណើរការកែសន្លឹកកិច្ចការបានចាប់ ផ្ដើមដោយមានវត្តមានចូលរួមជាសក្ខីភាពដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ឃុំ និងវត្តមានថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដើម្បីបើកហឹបដែលផ្ទុកសន្លឹកកិច្ចការ និងផ្ទៀងផ្ទាត់ព័ត៌មានលើ កញ្ចប់ដាក់សន្លឹកកិច្ចការ។ ដំណើរការកែសន្លឹកកិច្ចការ ក្នុងមណ្ឌលកំណែដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព២៤ ម៉ោង ត្រូវបានអនុវត្តអនុលោមនីតិវិធីដែលមានចែងជាដំណាក់កាល ដោយមានការផ្ទៀងផ្ទាត់ និងសង្កេតការណ៍ យ៉ាងលម្អិតរហូតឈានដល់ការរៀបលំដាប់ពិន្ទុស្វែងរកជ័យលាភីនៃឃុំនីមួយៗ។ កំណែវិញ្ញាសា និងការបូកពិន្ទុ ដែលត្រូវបានអនុវត្តតាមប្រព័ន្ធចុះលេខសម្ងាត់ និងអនាមិក បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ។

ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់ជាស្ថាពរសម្រាប់ឃុំ គោលដៅនៃការជ្រើសរើសទាំង២៥០ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងក្រុមការងារទាំងអស់នៃក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, តំណាងសាកលវិទ្យាល័យ, អ្នកសង្កេតការណ៍, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាលាភូមិន្ទរដ្ឋបាល,អាជ្ញាធរ មន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មាន ដែលបានចូលរួមជាចលករនាំឱ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅ បានដោយជោគជ័យគួរជាទីមោទនៈ ហើយឆ្លើយតបនឹងគោលការណ៍នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ និងការពង្រឹងអភិបាលកិច្ចមូលដ្ឋានដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង