ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីកាឃុំខ្លួនអ្នកបើកឡាន Jeep ដែលបុកកីឡាករវៃសីជម្រើសជាតិស្លាប់ម្នាក់ ដាក់ពន្ធនាគារPJ

163

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ចៅព្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហុង ម៉ារីណិច បានចេញ ដីកាបង្គាប់ឲ្យឃុំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្តសេរីទំនើបហើយបុកជនរងគ្រោះណ្តាលឱ្យស្លាប់ នៅខណ្ឌទួលគោកដាក់នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

បានឃើញ សំណុំរឿងស៊ើបសួរដែលទាក់ទងនឹង៖ នាមត្រកូល-នាមខ្លួន ព្រហ្ម វិចិត្រសុសក្កា ភេទប្រុស អាយុ២៣ឆ្នាំ (កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០០) ជនជាតិខ្មែរ ទីកន្លែងកំណើតនៅផ្ទះលេខ៥២ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សាសនាព្រះពុទ្ធ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិស្សិត ឪពុកឈ្មោះ ព្រហ្ម វិចិត្រសុភា រស់” ម្តាយឈ្មោះ សុខ លីណា រស់” នៅលីវ ទោសពីមុនគ្មាន កម្រិត វប្បធម៌ កំពុងសិក្សាថ្នាក់អនុបណ្ឌិត ជានីតិជន។

ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅ
ចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣ តាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។ បានឃើញ ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ៨៥២៧… “ហ” ដ.ព.ស ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

ចៅព្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យ៖

១. ភ្នាក់ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

២. ប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) នៃក្រសួងមហាផ្ទៃទទួល និងឃុំខ្លួនជននេះរហូតដល់មាន បទបញ្ជាថ្មី សម្រេចផ្សេងពីនេះៗ

៣. គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង