សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បន្តរក្សាការពារ សន្ដិសុខសុវត្ថិភាពជូនអ្នកវិនិយោគិន ក្រោយពេលមានបទល្មើសគាស់ទូរដែក និងគាស់ដំបូលរោងចក្រ សហគ្រាស មួយចំនួនបន្ដកើតមានជាបន្ដបន្ទាប់
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣ បានឲ្យដឹងថា ស្របពេលបទល្មើសគាស់ទូរដែកនិងគាស់ដំបូលរោងចក្រសហគ្រាសកំលាំងជំនាញសន្តិសុខឯកជនបន្ដចុះធ្វើការណែនាំលើនីតិវិធីមួយចំនួនដល់បណ្ដាកំលាំងសន្ដិសុខឯកជនឲ្យមានការទទួលខុសត្រូវខ្ពស់និងចូលរួមទប់ស្កាត់-រាយការណ៍បន្ទាន់រាល់ហេតុការណ៍មុខសញ្ញាសង្ស័យ។
ដោយបានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងបានការ
ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្តិសុខ លោកវរសេនីយ៍ទោ សៀង ងួន នាយការិយាល័យសន្តិសុខឯកជន បន្ដចុះធ្វើបច្ចុប្បន្នភាព និងណែនាំដល់បណ្ដាកំលាំងសន្ដិសុខឯកជន របស់ក្រុមហ៊ុនសន្ដិសុខសេវាកម្មនានាដែលឈរជើងប្រចាំការនៅតាមបណ្ដារោងចក្រ សហគ្រាស មួយចំនួនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ។
ស្របពេលបទល្មើសគាស់ទូរដែក និងគាស់ដំបូលរោងចក្រ សហគ្រាសមួយចំនួនបន្ដកើតមានជាបន្ដបន្ទាប់ ហើយធ្វើឲ្យមានការខាតបង់នូវសម្ភារៈ ទំនុកចិត្តពីសំណាក់ម្ចាស់ ទីតាំង អាជីវកម្ម ក្រុមហ៊ុន សហគ្រាស ជំនាញសន្ដិសុខបានបន្ដខិតខំពង្រឹងលើកិច្ចការការពារ សន្តិសុខ សុវត្ថិភាពក្នុងកិច្ចការទទួលខុសត្រូវខ្ពស់របស់កំលាំងភ្នាក់ងារសន្ដិសុខឯកជន គោលដៅការពារ ពិសេសស្នើសុំប្រធានក្រុមហ៊ុនសន្ដិសុខឯកជន ពិនិត្យនិងបង្កើនជំនឿទុកចិត្ដបន្ថែមដើម្បីការជឿលើការអនុវត្តបំពេញការងារពីសំណាក់ម្ចាស់ទីតាំង អាជីវកម្ម លើការជួលផ្ដល់សេវានេះ ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សំណូមពរដល់ម្ចាស់ក្រុមហ៊ុនសេវាកម្មសន្ដិសុខឯកជន មេត្ដាត្រួតពិនិត្យកំលាំងជាក់ស្ដែងរបស់ខ្លួន ពិសេសមានកិច្ចសហការល្អពីកំលាំងនគរបាលជំនាញ ព្រមទាំងកំលាំងមូលដ្ឋាននៅជិតដើម្បីផ្ដល់កិច្ចសហការផ្ដល់ព័ត៌មាន បានទាន់ពេលវេលានិងឆាប់រហ័ស ពិតប្រាកដមានប្រសិទ្ធភាព។
ទោះបីយ៉ាងណា សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ប្ដេជ្ញាចិត្តខ្ពស់ និងធានារក្សាការពារ សន្ដិសុខសុវត្ថិភាពជូនអ្នកវិនិយោគិន ព្រមទាំងដំណើរការប្រព្រឹត្ដនូវសង្វាក់ផលិតកម្មដែលកំពុងប្រកបមុខរបរក្នុងទឹកដីខេត្ដកំពង់ស្ពឺអោយបាន១០០%៕