អាជ្ញាធរជាតិអប្សរា ស្រាវជ្រាវគ្រឹះខ្លោងទ្វារខាង ត្បូង នៃប្រាសាទតាព្រហ្ម ដើម្បីត្រៀម ជួសជុល
សៀមរាប៖ ក្រុមការងារបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរ ជាតិអប្សរា បាន និងកំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលការងារនេះមានកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវ បុរាណវិទ្យាឥណ្ឌា(ASI)។
អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ការធ្វើកំណាយស្រាវ ជ្រាវនេះមានរយៈពេល៣ខែ ពោលគឺចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
អ្នកស្រី នេត ស៊ីមន បានឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនៅ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះមានគោលបំណងគឺ៖ ទី១.ស្វែងរកថ្មរបស់ សំណង់ដែលបាត់បង់, ទី២. សិក្សាមើលពីស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និង ទី៣.សិក្សាឈ្វេង យល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។
ជាលទ្ធផលដំណាក់កាលដំបូង អ្នកស្រីបុរាណវិទូរូបនោះបានឱ្យដឹងថា ក្នុងរណ្តៅទី១ ក្នុងជម្រៅ៨០សង់ទីម៉ែត្រ គេបានប្រទះឃើញ ដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ ហើយអ្នកស្រី នេត ស៊ីមន បានបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះដែរ គឺបន្ទាប់ ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើ ដែលរលុះធ្លាក់មកគ្របលើ រចនាសម្ពន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕ សំរិត