គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាព ជាដៃគូរវាងរដ្ឋ និងឯកជន
រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញផ្សាយព័ត៌មាននៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ ២០២៣ និង២០២៤ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខ័ណ្ឌ នៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះនឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ជាសាវតារ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះក៍ ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក។
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងយ៉ាងដូច្នេះ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែតឌីខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា : កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និង គណនីទំព័រហ្វេសប៊ុក “The Cambodia Daily Khmer” ដោយបានលើកឡើងថា “មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាមេរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។”
ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការច្រានចោលនូវ ព័ត៌មានខាងលើ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើ ការបំភ្លឺជូនសាធារណជនឲ្យបានជ្រាប ដូចខាងក្រោម៖
១) ជាទិដ្ឋភាពច្បាប់ ពិតាននៃការខ្ចី ត្រូវបានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំនីមួយៗ។ ជាក់ស្ដែង, ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានអនុម័ត យល់ព្រមឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ ក្នុងកម្រិត ១ ៧០០ ០០០ ០០០ SDR (មួយប៊ីលាន ប្រាំពីររយលាន អេសដេរ៉ា) សមមូលនឹង ២ ២៨៧ ៣៣៩ ០០០ USD សម្រាប់ហិរញ្ញប្បទានកម្មវិធី/ គម្រោងអភិវឌ្ឍន៍ ចំនួន ២៨ ហើយកម្មវិធី/គម្រោងទាំងនេះ ត្រូវបានរំលេចនៅក្នុងតារាង គ ១ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងការអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៣. រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ ក្នុងកម្រិត១ ៣២៦ ២១២ ០០០SDR សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងអភិវឌ្ឍន៍ចំនួន ២១ គឺប្រមាណ ៧៨% នៃពិតានដែលច្បាប់បានអនុញ្ញាត ។
ទន្ទឹមនេះ, ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានអនុម័តយល់ព្រមឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ ក្នុងកម្រិត ១ ៧០០ ០០០ ០០០SDR (មួយប៊ីលាន ប្រាំពីររយលាន អេសក្លេអ៊ែ) សមមូលនឹង ២ ២៨៧ ៣៣៩ ០០០USD សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងអភិវឌ្ឍន៍ចំនួន ២៤ ដែលបញ្ជីគម្រោងអភិវឌ្ឍន៍តាមវិស័យដែលនឹងហិរញ្ញប្បទានពីការខ្ចីនេះ ក៍មានរំលេចនៅក្នុងសេចក្តីថ្លែងហេតុ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។
២) ជាទិដ្ឋភាពបច្ចេកទេស ក្នុងការខ្ចីបំណុលពីដៃគូ រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវស្មារតី ប្រយ័ត្នប្រយែងខ្ពស់ ដោយមានយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលច្បាស់លាស់ និងការវិភាគគ្រប់ជ្រុងជ្រោយតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ជាពិសេស គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គន្លឹះនៃការ គ្រប់គ្រងបំណុលសាធារណៈ ចំនួន ៥ រួមមាន៖
i. ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន; ii. ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់; iii. ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើន ផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម; iv. ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់បំផុត; និង
..ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានតម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការ គ្រប់គ្រងការវិនិយោគសាធារណៈព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ ជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
៣) ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ ២០២៣ និង២០២៤ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខ័ណ្ឌ នៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះនឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ៤) ជាសាវតារ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះក៍ ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ហើយជាក់ស្តែងនៅកម្ពុជាយើង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះដោយជោគជ័យរួចមកហើយ។ តាមយន្តការនេះ រាជរដ្ឋាភិបាលនឹងមិនខ្ចីបំណុលពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អភិវឌ្ឍគម្រោងនេះ ឡើយ ហើយភាគីដៃគូឯកជនមានកាតព្វកិច្ចទទួលខុសត្រូវលើរាល់ចំណាយពាក់ព័ន្ធនឹងការរៀបចំសិក្សា សមិទ្ធិលទ្ធភាពគម្រោង និងធ្វើការស្វែងរកទុនវិនិយោគសម្រាប់ហិរញ្ញប្បទានដើម្បីរៀបចំអភិវឌ្ឍគម្រោង នេះដោយដៃគូឯកជនផ្ទាល់ និងមិនទទួលបានការផ្ដល់នូវការធានាពីរដ្ឋចំពោះគម្រោងនេះទេ។ បច្ចុប្បន្ន ដៃគូឯកជន បាននិងកំពុងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងគ្រោងដាក់ជូនរាជរដ្ឋាភិបាលធ្វើការ ពិនិត្យ និងវាយតម្លៃ នាពេលខាងមុខ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លងតាមការចុះផ្សាយព័ត៌មានរបស់កាសែតឌីខេមបូឌាដេលីខាងលើ បានបង្ហាញឱ្យយើងឃើញ យ៉ាងច្បាស់ពីចរិតលក្ខណៈ និងកម្រិតវិជ្ជាជីវៈសារព័ត៌មានរបស់កាសែតនេះ ដែលមានចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ក្នុងគោលដៅបង្កើតការយល់ច្រឡំ និងបំភាន់ មតិសាធារណជន ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ឬនិន្នាការនយោបាយជ្រុលនិយមណាមួយ ប៉ុណ្ណោះ៕