អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើការអនុស្ថានីយទំនើបក្នុងអាគារ តង់ស្យុង ២៣០/១១៥/ ២២គីឡូវ៉ុល ដែលមានទីតាំងក្នុងភូមិព្រែកតានូ
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើការអនុស្ថានីយទំនើបក្នុងអាគារ តង់ស្យុង ២៣០/១១៥/ ២២គីឡូវ៉ុល ដែលមានទីតាំងក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងខ្សែបញ្ជូនតង់ស្យុង២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកអនុស្ថានីយថ្មីនេះ។
គម្រោងសាងសង់អនុស្ថានីយនេះ រួមនឹងខ្សែបញ្ជូន២៣០គីឡូវ៉ុល តាមមហាវិថីសម្តេចតេជោ ប្រើប្រាស់ថវិកា ឥណទានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថវិការបស់អគ្គិសនីកម្ពុជា។
អនុស្ថានីយថ្មីនេះ ប្រើប្រាស់ឧបករណ៍ផ្តាច់ភ្ជាប់ និងបរិក្ខារអគ្គិសនីផ្សេងៗទៀត ដំណើការក្នុងបំពង់ហ្គាសបិទជិត (Gas Insulated Switchgear) ក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល ដាក់ក្នុងអាគារដំបូងគេក្នុងប្រទេសកម្ពុជា ដោយបានបំពាក់នូវត្រង់ស្ទូចំនួន ២គ្រឿង ដែលមានសមត្ថភាពបំប្លែងថាមពលពីតង់ស្យុង ២៣០គីឡូវ៉ុល មក ១១៥គីឡូវ៉ុល ក្នុងអានុភាពរហូតដល់ ៣៦០មេហ្គាវ៉ាត់ ក្នុងមួយគ្រឿង ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Siemens ប្រទេសអាល្លឺម៉ង់ ផលិតនៅប្រទេសចិន។
អនុស្ថានីយ និងខ្សែបញ្ជូនថ្មីនេះ បាននាំថាមពលក្នុងប្រព័ន្ធ បញ្ជូនថាមពលជាតិ បញ្ជូនមកផ្គត់ផ្គង់បន្ថែមចូលក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញប្រមាណ ៧០០មេហ្គាវ៉ាត់។
នេះជាហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែមទៀតដែលបានអភិវឌ្ឍន៍ និងចាប់ផ្តើមអនុវត្តសាងសង់តាំងពីលោក កែវ រតនៈ ជាអគ្គនាយកអគ្គិសនីកម្ពុជា ហើយនឹងក្លាយទៅជាសមិទ្ធផលក្នុងវិស័យថាមពលដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ប្រភេទ ឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ចូលរួម ចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
អគ្គិសនីកម្ពុជា ក៏បានកំពុងអនុវត្តការសាងសង់អនុស្ថានីយ ២៣០គីឡូវ៉ុល ប្រភេទនេះមួយទៀត និងខ្សែកប់ដី ២៣០គីឡូវ៉ុល នៅអូបែកក្អម ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការជប៉ុន JICA ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥៕