ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិត្តជប៉ុន បានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុកភាពរបស់របស់ប្រជាពលរដ្ឋ

121

 

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។​

សម្ដេចបានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុកភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។

សម្តេចធិបតីបានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។ សមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ និងសមិទ្ធផលនានាដែលកម្ពុជាអាចទទួលបាននាពេលបច្ចុប្បន្ន និងទៅអនាគតនោះ អ្វីដែលត្រូវចង់ចាំ និងរម្លឹកដល់ដំបូកគេ គឺការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា។ ហេតុនេះហើយនៅថ្ងៃទី២៩ ខែធ្នូនេះកម្ពុជានឹងប្រារព្ធទិវានៃនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជាខិតខំស្វែងរកបានយ៉ាងលំបាកដែលកូនខ្មែរត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងត្រូវបានបន្តពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ពោលគឺជាខួបទី៧១ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា និងជប៉ុន នៅមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនទៀត ដោយឈរលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ ក្នុងរយៈពេល៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋឱ្យបានសប្បាយរីករាយក្នុងឱកាសអបអរសាទរចូលឆ្នាំសាកលនាពេលខាងមុខនេះ។សម្ដេចធិបតី ក៏បានជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញនៅតាមខណ្ឌនានាឱ្យបាលឿនដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង