រថយន្តកុងតឺន័រមួយគ្រឿង បើកកៀរម៉ូតូដួល បណ្ដាលឲ្យយុវសិស្សម្នាក់ស្លាប់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងកិនស្លាប់ ខណៈជិះម៉ូតូចេញពីសាលារៀនត្រឡប់មកផ្ទះវិញ។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៣ ស្ថិតតាមបណ្ដាលផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខាងលើនេះមានឈ្មោះ ព្រីង ឡាយហួយ អាយុ១៣ឆ្នាំ ជាសិស្សសាលាឯកជន
ស្នាក់នៅម្តុំកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកគីរីវង់ ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1KL-7610 ចេញពីរៀនបម្រុងត្រលប់ទៅផ្ទះវិញ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំនុចកើតហេតុក៏បានទាក់ដៃចង្កូតគ្នា ជាមួយនិងរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀតម៉ាក FUSO ពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ3D-8479 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសដៅគ្នាបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។
ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅ៣ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងវាស់វែង រួចក៏យករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពយុវជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រណៃណីនៅឯស្រុកកំណើត៕