ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ បន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព

135

 

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ បន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព លើ វិស័យការងារហ្វឹកហ្វឺន រចនាសម្ព័ន្ធ និងគ្រឿងបំពាក់អោយទំនើបទាន់សម័យ បន្តចូលរួមទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការចូលរួមពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

យោងតាមរបាយការណ៍, ក្នុងឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចដោយបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ និងបានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមតំបន់ព្រំដែន។ ជាក់ស្តែង ក្នុងបទល្មើសឧក្រិដ្ឋ បទល្មើស មជ្ឈិមដែលកើតឡើងចំនួន៣, ៤១១លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១, ៩៨៤លើកផងដែរ។ ដោយឡែកការងារហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នជំនាញផ្សេងៗ កងយោធពលខេមរភូមិន្ទ បានបន្តធ្វើការហ្វឹកហ្វឺនវគ្គឆ្នាំចាស់ និងអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៣ សរុបចំនួន៣៨៦វគ្គ ស្មើនឹង៤០, ២៨១នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសមានចំនួន២, ០១២នាក់ស្មើនឹង១៥ប្រទេស។

ក្នុងឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមសហការធ្វើសមយុទ្ធមួយចំនួនប្រកបដោយភាពជោគជ័យ ដូចជាសមយុទ្ធ «នាគមាស២០២៣» សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣»ជាដើម។ ទន្ទឹមនេះ បានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទចំនួន៩២នាក់ ទៅចូលរួមសមយុទ្ធពហុសាសន៍រួមដែល មានឈ្មោះថា «សន្តិភាព មិត្តភាព AMAN YOUYI 2023» ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើ ការប្រឆាំងភេរវកម្មនិងការថែរក្សាសន្តិសុខលម្ពសមុទ្រ» នៅសាធារណរដ្ឋប្រជាមានិតចិន។

សម្រាប់ការងារគ្រប់គ្រងវិមានឈ្នះ ឈ្នះ ក្រសួងបានបន្តដំណើរការយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណតម្លៃសន្តិភាព និងការឯកភាពជាតិពេញលេញដែលបានមកពី នយោបាយឈ្នះ ឈ្នះ។ រីឯការរៀបចំនិងកសាងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្តាទីតាំងនានា ពិសេសការកសាងស្កូបឈ្នះ ឈ្នះ កោះកុង ប៉ៃលិននិងអន្លង់វែង ខេត្តឧត្តរមានជ័យ បាននិងកំពុងបន្ត ដំណើរការដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចតាមផែនការ។

មានមតិបូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់កងយោពលខេមរភូមិន្ទ ដែលបានការពារ និងថែរក្សាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជា សន្តិសុខតាមបណ្តោយព្រំដែន បានយ៉ាងល្អប្រសើរ។

ពាក់ព័ន្ធនឹងយុទ្ធជនពិការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដោយជំរុញឱ្យអង្គភាពក្រោមចំណុះ យកចិត្តទុកដាក់បន្ថែមទៀត ហើយធ្វើយ៉ាងណាវាយតម្លៃឱ្យបានត្រឹមត្រូវ និងយុត្តិធម៌សម្រាប់បងប្អូនយុទ្ធជនពិការ ព្រមទាំងបានស្នើឱ្យមានគណៈកម្មការវាយតម្លៃពិតប្រាកដផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវទិសដៅ អនុវត្តបន្តរបស់ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ដោយចូលរួមអនុវត្តឱ្យកាន់តែសកម្ម នូវយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ បន្ថែមពីនេះ ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ បន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព លើ វិស័យការងារហ្វឹកហ្វឺន រចនាសម្ព័ន និងគ្រឿងបំពាក់អោយទំនើបទាន់សម័យ បន្តចូលរួមទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន បន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាអនុវត្តតួនាទី ភារកិច្ចផ្សេងៗទៀត
ដែលដាក់ចេញដោយក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង