ការដោះស្រាយវិវាទដីធ្លីត្រូវបានចាត់ចែង ដោយឈរលើគោលការណ៍ច្បាប់ និងការគោរពសិទ្ធិមនុស្សជាសកល
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួប លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។ លោកស្រី រ៉ូណា ស្មីត បានបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី៦ រយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការដោះស្រាយវិវាទដីធ្លីត្រូវបានចាត់ចែងដោយឈរលើគោលការណ៍ច្បាប់ និងការគោរពសិទ្ធិមនុស្សជាសកល ដោយទទួលបានលទ្ធផលវិជ្ជមាន ជាច្រើននាំមកនូវការសាទរពីប្រជាពលរដ្ឋ និងភាពសុខដុមនៃសង្គម។
ក្នុងកិច្ចប្រជុំជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីបានសំដែងការអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ពិសេសក្នុងវិស័យដីធ្លី និងលំនៅឋានមានតម្លៃសមរម្យ។ លោកស្រី បានសំណូមពរសុំជំរុញការបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីបញ្ចៀសការចូលទន្រ្ទានកាន់កាប់ដីរបស់សហគមន៍ជាយថាហេតុ និងជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ដែលជាបញ្ហាស្នូលអំពីសិទ្ធិមនុស្ស ដោយការប្រើប្រាស់ដីគឺជាមូលដ្ឋានសម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព លុបបំបាត់ភាពក្រីក្រ និងធានាសន្តិសុខស្បៀង៕