ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គសន្និបាតរដ្ឋបាលរាជធានីភ្នំពេញទាំងមូល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាននិងបានឯកភាព ទៅលើទិសដៅអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញឆ្នាំ២០២៤

47

 

ភ្នំពេញ ៖ ពិធី”បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ” ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ”នៅព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅថ្ងៃបើកអង្គសន្និបាត ដើម្បីទទួលបានធាតុចូលកាន់តែមានភាពសុក្រឹត និងច្បាស់លាស់ អង្គសន្និបាត បានប្រើប្រាស់វិធីសាស្ត្របែងចែកក្រុម ពិភាក្សា ក្នុងគោលបំណងទទួលបានធាតុចូលកាន់តែច្បាស់លាស់ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៤។ អង្គសន្និបាតទាំងមូល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បី ពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាននិងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤។

ឯកឧត្តមម៉ប់ សារិន បានលើកឡើងថា នាពេលបច្ចុប្បន្ន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ បាន
ដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣នេះ៖ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈសរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋ ចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លាន ដុល្លាអាមេរិក។

ចំពោះមុខដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់ត កៀកជិតប្រជាពលរដ្ឌ អង្គសន្និបាត បានស្នើសុំគោលការណ៍ ដឹកនាំពីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង- ស្ថាប័នថ្នាក់ជាតិ ដើម្បីពិនិត្យសំណើ-សំណូមពរ លើការសម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីពន្លឿន ការផ្ទេរសេវា ដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូល តែមួយរាជធានីភ្នំពេញ, ស្នើសុំកែសម្រួលទម្រង់បែបបទនៃការស្នើសុំសេវាឱ្យមានលក្ខណៈសាមញ្ញ កាត់បន្ថយនូវសំណុំ ឯកសារភ្ជាប់ដែលមិនចាំបាច់, គាំទ្រផ្នែករដ្ឋបាល បច្ចេកទេស និងពង្រីកវិសាលភាពនៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ “បច្ចេកវិទ្យាឌីជីថល” ។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីធានាការអនុវត្ត កម្មវិធីជាតិ មានលក្ខណៈ
ប្រក្រតី អចិន្ត្រៃយ៍ និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយ រងគ្រោះ អង្គសន្និបាត បានតម្រង់ទិសដល់មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករអនុវត្តកម្មវិធីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយ តម្លាភាព សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់។
អង្គសន្និបាត បានលើកទឹកចិត្ត និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋបាលខណ្ឌទាំង ១៤ ដែលមាន ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ ធ្វើជាសេនាធិការ ត្រូវខិតខំកែលម្អការផ្តល់សេវាអប់រំក្នុងដែនសមត្ថកិច្ច ឱ្យបាន ល្អប្រសើរតាមរយៈកិច្ចសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីឈានទៅលុបបំបាត់ក្រុមក្មេងទំនើង បងតូចបងធំ និង បញ្ហាគ្រឿងញៀនក្នុងសាលារៀន។

ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបន្តថា នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការត្រៀមលក្ខណៈលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ចំពោះព្រឹត្តិការណ៍ ជាតិ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវទទួលបន្ទុករាប់រងនៅ រាជធានីភ្នំពេញ និងការត្រៀមលក្ខណៈចូលរួមសហការអនុវត្តកិច្ចការ សំខាន់ៗ សម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង- ស្រុក-ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ។
អង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូនស្របតាម កម្មវិធីដែលបានកំណត់ ដែលអាចវាយតម្លៃបានថា អង្គសន្និបាតនាពេលនេះ សម្រេចបាន នូវលទ្ធផលជាផ្លែផ្កា ដូចគោលបំណង និងរបៀបវារៈ ដែលបានគ្រោងទុក។ រាល់ព័ត៌មាន មតិយោបល់ និងអនុសាសន៍នានា ក្នុង អង្គសន្និបាតនេះ ត្រូវបានកត់ត្រាទុកជាធាតុចូលសម្រាប់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការអនុវត្តទិសដៅការងារ ឆ្នាំ២០២៤ នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្ត្រ
បញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការ កែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ឯកឧត្តម ប្រាក់ សំអឿន​ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារ លើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ។ កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំងរាល់សកម្មភាពដែលប៉ុនប៉ង បង្កនូវអសន្តិសុខក្នុងសង្គម និងការផ្សព្វផ្សាយពត៌មានមិនពិតឬញ៉ែញ៉ងតាមបណ្តាញសង្គម។ ត្រូវរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័នជាតិ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិដែលរៀបចំឡើងនៅកម្ពុជាពិសេស ការដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នាពេលខាងមុខ។

ឯកឧត្តម ប្រាក់ សំអឿន​ បានបញ្ជាក់បន្ថែមទៀតថា ត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំង
ប្រឆាំងរាល់ឧបាយកលសកម្មភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវគិតគូរពីវិធានការនិងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាម សំណង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ។
បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត។
ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣-២០២៤ រដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក្ខដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមក កំសាន្តនៅរាជធានីភ្នំពេញ ពិសេសទីតាំងនានាដែលរៀបចំព្រឹត្តិការណ៍និងការប្រគុំតន្ត្រី សិល្បៈអោយមានភាពសប្បាយរីករាយនិងប្រកបដោយសុវត្ថិភាព។
បន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម។
ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក កងកម្លាំងនគរបាល ចរាចរណ៍ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានម៉ឺងម៉ាត់។បន្តពង្រឹងទាំងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈការពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ឲ្យក្លាយ ជារដ្ឋបាលទំនើប មានសមត្ថភាព និងស្អាតស្អំ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសលើវិស័យនគរូបនីយកម្មនិងសំណង់ ការវិនិយោគ និងសេវាកម្ម។ល។ ទន្ទឹមនឹងការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សនេះ រាជធានីភ្នំពេញក៏ជួបនឹងបញ្ហាប្រឈមមួយចំនួន ដូចជាការ សាងសង់សំណង់ខុសច្បាប់ បញ្ហាអនាម័យបរិស្ថាន សោភ័ណ្ឌភាពទីក្រុង ការគ្រប់គ្រងកាកសំណល់ ទឹកកខ្វក់ ការកកស្ទះចរាចរ ជំនន់ទឹកភ្លៀងជាដើម។ ដូច្នេះលោកសូម លើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមទាំងនេះបន្ថែមទៀត ដោយគិតគូររៀបចំ ផែនការនិងវិធានការនានាដែលត្រូវអនុវត្តជាក់ស្តែង ដោយផ្អែកលើផែនការមេប្រើប្រាស់ដីធ្លីរបស់រាជធានីភ្នំពេញឆ្នាំ២០៣៥, ផែនទី បង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាពឆ្នាំ២០២២-២០៣៥។
ឯកឧត្តម បានស្នើថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មានសមត្ថភាពមានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់មន្ត្រីរាជការឱ្យសមស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង