គ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមយូរអង្វែង បង្កឲ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ
ភំ្នពេញ ៖ គ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមយូរអង្វែង ដែលមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ ច្រើនជាងគ្រោះថ្នាក់សង្គមផ្សេងទៀត និងមានផលប៉ះពាល់អវិជ្ជមាន ដល់សង្គម ដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា ក្នុងការចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
អគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា ដោយមានការខិតខំយកចិត្តទុកដាក់រួមគ្នា រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍បានល្អប្រសើរ ពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីនៃស្ថាប័នពាក់ព័ន្ធនានា បានកាត់បន្ថយគ្រោះថ្នាក់ចរាចរផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០១៨ បានចំនួន ៣៥៣លើក ស្មើ១៣% កាត់បន្ថយចំនួនអ្នកស្លាប់ចំនួន ៤៤នាក់ ស្មើ៣% និងកាត់បន្ថយអ្នករបួស៧៩៥ ស្មើ១៩% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដែលជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រីមាសទី៣ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា គ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមយូរអង្វែងដែលមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ ច្រើនជាងគ្រោះថ្នាក់សង្គមផ្សេងទៀត និងមានផលប៉ះពាល់អវិជ្ជមាន ដល់សង្គមដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា ក្នុងការចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដោយខិតខំអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលផ្តោតលើការអប់រំផ្សព្វផ្សាយច្បាប់ ការរតឹបន្តឹងច្បាប់ ការសង្រ្គោះជនរងគ្រោះ ការកែលម្អ និងថែទាំងផ្លូវថ្នល់ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងបានរៀបចំសេចក្តីព្រាងផែនការសកម្មភាព សកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពថែមទៀត នៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ឲ្យបានជាអតិបរិមា ក្នុងស្ថានភាពដែលមធ្យោបាយយានយន្ត និងប្រជាពលរដ្ឋមានកំណើនជាលំដាប់ ។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងថា អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការនានា ក្នុងការរឹតបន្តឹងលើករណីបង្កគ្រោះថ្នាក់ ដូចជាការបើកហួសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការវ៉ាជែង ការបត់ ការមិនគោរពសញ្ញាចរាចរណ៍។ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកត្រូវមានវិន័យទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ក្នុងការបំពេញកិច្ចការ និងធ្វើជាគំរូល្អក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសំណូមពរដល់ស្ថាប័ន ពាក់ព័ន្ធ បន្តកិច្ចសហការល្អក្នុងការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការខិតខំចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ក្នុងបុព្វហេតុសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕