ទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ៖ យុវជនស្អាតស្អំត្រូវក្តាប់ជាប់យុទ្ធសាស្ត្របញ្ចកោណ
កំពង់ស្ពឺ ៖ ជាមួយនឹងទិវាដ៏នក្ខត្តប្ញក្ស (២៩ធ្នូ) ជាទិវាអបអរសាទរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ នៅឯខេត្តកំពង់ស្ពឺ ក៏មានបើកវេទិកាយុវជនស្អាតស្អំ ក្រោមប្រធានបទ «យុវជនបន្តវេន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ វាគ្មិនកិត្តិយស ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលសន្និសីទ សាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ។
ក្នុងនេះក៏មានប្រតិភូរបស់អង្គភាពប្រឆាំងអំពើពុករលួយអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ កងកម្លាំងជុំវិញខេត្តចូលរួមផងដែរ ។
បើតាមឯកឧត្តម សរ សុពុត្រា ប្រធាន ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ឲ្យដឹងថា បច្ចុប្បន្ន គិតត្រឹមថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ មានសមាជិកសរុបចំនួន ៧.១១៣ អង្គ-នាក់ ស្រី ២.៧៥៣ នាក់ និងមានខ្សែរយៈចាត់តាំង ក្រុង-ស្រុក សង្កាត់-ឃុំ អង្គភាពជុំវិញខេត្ត គ្រឹស្ថានសិក្សា ។ល។
ជាមួយនឹងបទឧទ្ទេសនាមដ៏គួរឲ្យចងចាំរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានបង្ហាញថា «សង្គមត្រូវការយុវជន យុវជនជាធនធានស្នូលក្នុងការកំណត់អនាគតរបស់សង្គមជាតិ ការផលិតធនធានយុវជនត្រូវប្រកបដោយការអប់រំខ្ពស់ ភាពឈ្លាសវៃ និងបណ្តុះនូវស្មារតីស្នេហាជាតិមាតុភូមិ ហើយក៏ត្រូវមានសាមគ្គីភាពជាធ្លុងមួយផងដែរ» ។
ចំណែកលក្ខណសម្បត្តិរបស់យុវជន ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា «យុវជនត្រូវមានចំណេះដឹងសមតាមតម្រូវការសង្គម មានបទពិសោធន៍ ភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ និងចេះបត់បែនតាមសភាពការណ៍»។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តោតសំខាន់របស់យុវជនច្រើនយ៉ាងទៀត គឺ សីលធម៌ ភាពស្មោះត្រង់ មានឧត្តមគតិ គិតប្រយោជន៍រួមជាធំ មានមនសិការការងារ ក្លាហាន អំណត់ព្យាយាម ហ៊ានទទួលខុសត្រូវ និងគោររពច្បាប់ ការពារយុត្តិធម៌» ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបកស្រាយពីជំនាញផ្នែកទន់ (Soft Knowledge, Soft Skill) ដែលជាលក្ខណៈទូទៅមិនជាក់លាក់ចំពោះការងារណាមួយ ដែលជួយបុគ្គលិកឲ្យពូកែនៅកន្លែងធ្វើការណាមួយ ។ ជំនាញទន់ រួមបញ្ចូលដោយ ស្នេហាជាតិ សីលធម៌ យុត្តិធម៌ ការប្រាស្រ័យទាក់ទង ការធ្វើការងារជាក្រុម និងការសម្របសខ្លួន ដែលជារឿយៗត្រូវបានគេហៅថា ជាជំនាញដែលអាចផ្ទេរបាន ឬអន្តរបុគ្គល ។ ជំនាញទន់មានសារសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីព ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើថា «យុវជន ជាកម្លាំងស្នូល ជាធនធានសង្គម យុវជនស្អាតស្អំ ត្រូវក្តាប់ឲ្យជាប់នូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ និងយុវជនជាអ្នកបន្តវេន ត្រូវរក្សាចាស់ ពង្រីកថ្មី» ៕