ឥណ្ឌូណេស៊ី បានរកឃើញប្រអប់ខ្មៅយន្តហោះ ដែលធ្លាក់ក្នុងសមុទ្រ សម្លាប់មនុស្ស ១៨៩នាក់
ហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី នាថ្ងៃទី១វិច្ឆិកានេះ បានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះជាមួយមនុស្ស ១៨៩នាក់ នោះហើយ។
ខណៈប្រតិបត្តិការរុករកបានឈានចូលដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនាវេលាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ ដែលគេហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅផ្ទុកសំឡេង ដែលគេហៅថា Cockpit Voice Recorder ។
ប្រមុខយោធាឥណ្ឌូណេស៊ីជឿជាក់ថា ក្រុមរុករកនិងជួយសង្គ្រោះ បានរកឃើញផ្នែកមួយ នៃបំណែកយន្តហោះ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយមានមនុស្ស 189 នាក់នៅលើយន្តហោះនោះ។
យោងតាមមន្ត្រីបាននិយាយថា វត្ថុដែលមានប្រវែង 22 ម៉ែត្រត្រូវបានគេរកឃើញនៅក្នុងទឹក ដែលមានជម្រៅ 32 ម៉ែត្រ ហើយសំឡេងមួយ ត្រូវបានគេប្រើ ដើម្បីកំណត់អត្តសញ្ញាណ។
អនុប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិ លោក Haryo Satmiko បាននិយាយថា “រសៀលថ្ងៃសៅរ៍ ក្រុមការងារបានឮ សំឡេងនៅទីតាំងជម្រៅ 35 ម៉ែត្រ” ដែលជាកន្លែងរកឃើញប្រអប់ខ្មៅ៕