កូនក្មួយទាំងអស់បានសិក្សារៀនសូត្រយ៉ាងស្រួល មិនខ្វល់អ្វីទាំងអស់ នេះគឺដោយសារតែប្រទេសមានសន្តិភាពពេញបរិបូរណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា កាលដែលកូន ក្មួយទាំងអស់បានសិក្សារៀនសូត្រយ៉ាងស្រួល មិនខ្វល់អ្វីទាំងអស់នេះ គឺដោយសារតែប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍ ក្រោមការស្វែងរកដ៏លំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ កាលពីព្រឹកថ្ងៃទី១ វិច្ឆិកា២០១៨ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា យើងទាំងអស់គ្នាត្រូវរួមគ្នារក្សា សុខ សន្តិភាពនេះឲ្យបានល្អបន្ថែមទៀត។
លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការអប់រំ គឺជាកូនសោ សម្រាប់ដោះស្រាយរាល់បញ្ហា សង្គម និងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាព ប្រកួតប្រជែងរបស់ ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ ទៅលើការកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ។ ការកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារពលកម្មផងដែរ និងដើម្បីជំរុញ ឲ្យមានការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ កម្មវិធីកំណែទម្រង់ ស៊ីជម្រៅ ក្នុងបរិបទ ទំនើប ក្នុងវិស័យបច្ចេកវិទ្យា ដែលឈរលើ មូលដ្ឋាននៃចំណេះដឹង គុណភាពនៃការអប់រំ គឺជាគន្លឺះសម្រាប់ដោះស្រាយ រាល់បញ្ហាប្រឈមនានា ទាំងក្នុងអភិបាលកិច្ច” ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការ អភិវឌ្ឍសហគមន៍ និងក្រុមគ្រួសារ ហើយសហគមន៍ គ្រួសារសាលារៀន គឺជាតួអង្គដ៏សំខាន់មួយ ក្នុងចំណោម តួអង្គស្នូល ក្នុងការកសាងធនធានមនុស្ស ព្រោះការអប់រំ ទើបមានធនធានមនុស្សល្អ សម្រាប់ការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិរបស់យើង ។
លោក ឃួង ស្រេង បានបន្តថា ក្រោមដំបូលសុខសន្តិភាព ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវបានចូលរៀន ដោយមិនមានការភិតភ័យ អំពីសង្គ្រាម ចំណុចនេះ ជាចំណុចសំខាន់ ដែលអនុញ្ញាតិអោយខ្ញុំបាទ បានរំលឹកឡើងវិញ ជូនដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ថា រយៈពេល ៤០ឆ្នាំមកហើយ ដែលសម្តេចតេជោ បានយកជីវិតទៅប្តូរ នូវការសង្គ្រោះ ជីដូនជីតា ឪពុកម្តាយ ក្មួយៗ ហើយរួមដំណើរ ជាមួយឪពុកម្តាយក្មួយ សម្តេចបានដឹកនាំប្រទេសជាតិ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យក្មួយៗមានឱកាស ក្រេបជញ្ជក់ យកចំណេះដឹង សព្វបែបយ៉ាង ទៅតាមឧបនិស្ស័យពីធម្មជាតិ របស់ក្មួយៗ។
រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា
ណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលមានទាំងសម្ភារសិក្សានិងថវិកាមួយចំនួនផង ត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគល់ជូនសិស្សពូកែទូទាំងរាជធានីភ្នំពេញជិត៤០០០នាក់។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា នេះជាលើកទី១៨ហើយ ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ រង្វាន់លើកទឹកចិត្តដល់សិស្សពូកែទូទាំងរាជធានីភ្នំពេញ៕