ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ខ្លួនសិស្សសាលាមួយក្រុម ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់

97

 

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ក្រោយពេលប្រព្រឹត្តអំពើហិង្សារួចហើយ​ ពួកគេបានរត់គេចខ្លួនទៅក្រុងព្រះសីហនុ ហើយត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាននៅចំណុចរង្វង់មុលវាលរេញ ខេត្តព្រះសីហនុ ។ ពេលនេះ សមត្ថកិច្ចកំពុងនាំខ្លួនពួកគេមកវិលត្រឡប់មកភ្នំពេញវិញ ដើម្បីបន្តនីតិវិធីច្បាប់។

កម្លាំងនគរបាលរាជធានីភ្នំពេញ បានតាមឃាត់ខ្លួនក្រុមប្រើហិង្សាលើក្មេងស្រីសិស្សសាលាបានហើយ សរុប៤នាក់ (ប្រុសខ្ទើយ អ្នកថត និងអ្នកចូលរួមសកម្មភាព) នៅរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅពេលនេះ កម្លាំងនគរបាលកំពុងដឹកពួកគេ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៤នាក់នេះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។

លោកបានអះអាងទៀតថា នៅពេលនេះក្រុមជនបង្កទាំងអស់នេះ កំពុងត្រូវបានបញ្ជូនបន្ដមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមនីតិវិធី។

សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនសិស្សសាលាមួយក្រុម ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់ ក្រោយវីដេអូប្រើហិង្សាត្រូវបានចែកចាយពេញបណ្ដាញសង្គម, អំពាវនាវអាណាព្យាបាលនាំកូនមកកន្លែងសមត្ថកិច្ច។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។

ក្រោយឃើញការចែកចាយវីដេអូនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា ករណីនេះខ្ញុំទទួលបានហើយ និងកំពុងឲ្យកម្លាំងជំនាញស្រាវជ្រាវបន្ទាន់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបថា វីដេអូប្រហែល៣នាទី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបង្ហាញពីទង្វើអសីលធម៌របស់យុវជន យុវតីមួយក្រុមនេះ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវស សំពត់ខៀវ បែរជានាំគ្នាប្រព្រឹត្តអំពើមិនគួរគប្បីទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង