រមណីយដ្ឋាន កោះកុងក្រៅ ជាតំបន់ទេសចរណ ដ៏ពិសេស គ្មានពីសម្រាប់កម្ពុជា
កោះកុង៖ រមណីយដ្ឋាន កោះកុងក្រៅ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។
ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ១ម៉ោង ៣០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។
ឆ្នេរកោះកុងក្រៅ មានចំនួន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លា អាចមើលឃើញដល់បាតសមុទ្រ ព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយើងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ ដោយឡែកសម្រាប់ឆ្នេរ ដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់គឺឆ្នេរទី៣ និងទី៤។ នៅទីនោះយើងអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមើលលទិដ្ឋភាព ថ្ងៃរៀបលិច មើលទៅគួរឱ្យចាប់អារម្មណ៏ ៕ សំរិត