ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរបរទេស នៅតែចាប់អារម្មណ៏ ទស្សនាវប្បធម៏ ក្បាច់ រចនា វត្ដអារាមសៀមរាប

100

សៀមរាប៖ ភ្ញៀវបរទេសជាច្រើន បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាម នៅខេត្តសៀម រាប ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែរ ។ ព្រះសច្ចានុ បាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាបមានថេរដីកាថា ទេសចរវត្តអារាមនៅតែជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត ។
ព្រះសច្ចានុ បាល នឿម វុទ្ធី បន្តថា ក្រៅពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ភ្ញៀវទេសចរក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិរបស់ប្រជាពលរដ្ឋ និងបានទៅឈ្វេងយល់ពីព្រះពុទ្ធសាសនាដ៏ផូរផង់ របស់ជាតិយើងផងដែរ។ ខណៈបច្ចុប្បន្ននេះមានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរដ៏ទាក់ទាញ។
ព្រះតេជគុណមានថេរដីកាបន្តថា នៅវត្តស្វាយរមៀត គឺមានភ្ញៀវទេសចរបទេសមកទស្សនាមិនដែលដាច់ ដោយក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរបរទេសមកទស្សនាវត្តស្វាយរមៀត មានចន្លោះពី១៥០ ទៅ២០០នាក់ ដោយភ្ញៀវទេសចរបរទេស តែងតែឱ្យព្រះសង្ឃប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ដែលកត្តាទាំងនេះកំពុងតែបង្ហា ញថា វិស័យទេសចរណ៍វត្តអារាម កំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងឈ្វេងយល់ បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ក៏បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្រៅពីទស្សនាប្រាសាទបុរាណ គឺតែងតែបានទៅឈ្វេង យល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា នៅតាមវត្តអារាមផងដែរ ។
សូមបញ្ជាក់ថា វត្តបារាយមហា នទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិ ស្ថានបៃតងស្រស់បំព្រង អមដោយសត្វក្ងោកដើរជាហ្វូង និងបារាយណ៍ទឹកថ្លា គួរជាទីគយគន់ ។ ទេសចរបានកោតសរសើរ ចំពោះការរៀបចំបរិស្ថាននៅទីនេះ ដែលធ្វើឱ្យមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង