កីឡាករប្រដាល់ដ៏ល្បីឈ្មោះ ព្រំ សំណាង បើករថយន្តបុករះកង់បី និងម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ កីឡាករប្រដាល់ដ៏ល្បីឈ្មោះបោះសំឡេង គឺលោកព្រំ សំណាង បានបើកបររថយន្តមួយគ្រឿងបុករះម៉ូតូកង់បី ៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមានមនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ខែមករាឆ្នាំ២០២៤ ត្រង់ចំណុចមុខប៊ីតណាយក្លឹប ស្ថិតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញកីឡាករព្រំ សំណាង បើកបររថយន្តមួយគ្រឿង ម៉ាកម៉ាស្តា ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ2BU-4078 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករះម៉ូតូកង់បីចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រីឈរលេងនៅមុខក្លឹប រងរបួសធ្ងន់ស្រាលចំនួន៥នាក់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកបើកជាកីឡាករព្រំសំណាង ត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។