សន្តិភាពដែលកម្ពុជា សម្រេចបានដោយខ្លួនឯង និង ដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យ
ភ្នំពេញ ៖ ក្នុងពិធីមីទ្ធីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២៤ នៅបរិវេណកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា
ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេល វេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានដណ្តើមមក ជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។
បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងប្រារព្ធខួបទី ៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែល របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូ- បការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀត- ណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំង ស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម៌ និង អយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំង អស់បានទៅកាន់សុគតិភពជារៀងរហូត។
ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ- ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១ មក ហើយបាននិងកំពុងបន្ត ដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
សម្តេចប្រធានគណបក្ស បានមានប្រសាសន៍ថា ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបាន បំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត ១លាននាក់។
ជាមួយនឹងការដួលរំលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ នាថ្ងៃ ១៧ ខែ មេសា ឆ្នាំ១៩៧៥ ប្រជាជន កម្ពុជាសង្ឃឹមថានឹងបានរស់នៅក្នុង ឯករាជ្យ សន្តិភាព សេរីភាព ហើយរួមគ្នាកសាងទឹកដីឡើងវិញ ប៉ុន្តែក្តី សង្ឃឹមនេះត្រូវរលាយសូន្យតែមួយប៉ព្រិចភ្នែក អាស្រ័យដោយពួកប៉ុលពត ដែលដណ្ដើមបានអំណាចទាំងស្រុង បានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ ដូចប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត កម្ពុជា ត្រូវបានប ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។
រចនាសម្ព័ន្ធសង្គមជាតិដែលទទួលរងវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាម៥ឆ្នាំរួចមកហើយនោះ ត្រូវបំផ្លាញឱ្យ រលាយខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោល ទាំងស្រុង ប្រជាជនក្លាយជាទាសករ ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនជាង៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត រីឯអ្នកនៅរស់ ក៏រង់ចាំតែដល់វេនត្រូវគេយកទៅសម្លាប់ដែរ។ ប្រាកដណាស់ថារបបប៉ុល ពត បានរុញច្រានមាតុភូមិ និងប្រជាជាតិ ខ្មែរឱ្យស្ថិតនៅមាត់រណ្ដៅនៃគ្រោះរលាយសូន្យ ប្រសិនបើគ្មានការជួយសង្គ្រោះឱ្យទាន់ពេលទេនោះ។
នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបបប៉ុល ពត ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិពីរបប ដ៏យង់ឃ្នងនេះ។ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំព្រះករុណាខ្ញុំ បានចេញដំណើរភៀសខ្លួនទៅប្រទេស វៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ និងបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ១៩៧៨, នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និង ប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្ដេច យោង សំរិន និងសម្តេច ជា ស៊ីម ព្រមទាំងកម្លាំងតស៊ូប្រឆាំង ប៉ុល ពត ៣ភាគីទៀត។ ការរួបរួមនៃកម្លាំងទាំង៥ភាគីនេះ បានផ្ដល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការ ចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភ យ៉ាងធំធេង ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើតទី២របស់ខ្លួន»។
បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា -សាធារណរដ្ឋប្រជាមានិតកម្ពុជា – ដែលជារដ្ឋរបស់ប្រជាជន និងដើម្បី ប្រជាជនត្រូវបានបង្កើតឡើង។ រដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមាន សន្តិភាពផង និងមានសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោ ខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត។ ប៉ុន្តែទោះបីត្រូវជួបឧបសគ្គ និងការលំបាកយ៉ាងណាក្តី ក៏សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ដែលបន្ទាប់មកបានប្តូរឈ្មោះជារដ្ឋកម្ពុជា នៅឆ្នាំ ១៩៨៩ បានបំពេញតួនាទីជាប្រវត្តិសាស្ត្រ របស់ខ្លួនប្រកបដោយជោគជ័យ ក្នុងបុព្វហេតុប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងបុព្វហេតុ ស្តារ និងកសាងសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញពី គំនរផេះផង់ឱ្យមានស្ថិរភាពជាជំហានៗ និងអាចឈានទៅពង្រឹងពង្រីកខ្លួនបានតែក្នុងរយៈពេល ១០ឆ្នាំ ប៉ុណ្ណោះ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាសន្តិភាពអស់រយៈពេលច្រើនឆ្នាំ ដោយចាប់ ផ្តើមពីការចរចាដំបូងរវាង សម្ដេចព្រះនរោត្តមសីហនុ ជាមួយខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។ លើមូលដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រដែលរដ្ឋកម្ពុជាសម្រេចបាននេះ បានបង្កើតនូវបុព្វបទ និងលក្ខណសម្បត្តិ ចាំបាច់នានាឱ្យកម្ពុជាបន្តឈានទៅមុខនៅលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញ លេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាល ជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
“សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និង ដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច
និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង” សម្តេចហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ។
បើតាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា , ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។ កម្ពុជាដែលពីមុនកើតមាន សង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។ កម្ពុជាដែលខឿនសេដ្ឋកិច្ច សង្គម ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ បានក្លាយជាទឹកដីដែលមានការអភិវឌ្ឍលើ គ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្តីសង្ឈឹមចំពោះអនាគត។ កម្ពុជាដែលធ្លាប់តែត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក ហើយបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ ធ្វើឱ្យកិត្យានុភាពជាតិបានលេច ត្រដែតលើផ្ទៃរាបអន្តរជាតិ។ ព្រមជាមួយនេះ កម្ពុជាដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា ជាប្រទេសមានខឿន សុខាភិបាលទន់ខ្សោយនោះ បានខិតខំពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ហើយបានក្លាយជាប្រទេស ឈានមុខមួយនៅលើពិភពលោកក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ការពារបាននូវអាយុជីវិតរបស់ប្រជាជន។
ដោយឡែកនៅក្នុងឆ្នាំ ២០២៣ ដែលទើបតែកន្លងផុតទៅនេះ ប្រជាជនយើងបានរស់នៅយ៉ាង
សុខដុមរមនា ក្រោមម្លប់នៃសន្តិភាពដែលត្រូវបានការពារថែរក្សាយ៉ាងរឹងមាំ និងបានសម្រេចសមិទ្ធផលធំៗ
ថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន ទោះបីជាត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ ត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្តី។ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ-១៩វិញ, លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេស ការប្រព្រឹត្តទៅដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ៕