ការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន ៨០%ហើយនឹងដាក់អោយប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ ការដ្ឋានសាងសង់បង្គន់អនាសម័យសាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតក្នុងខណ្ឌជ្រោយចង្វា មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណជា ៨០%ហើយ ហើយគ្រោង
នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨នេះ ការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន ៨០%ហើយ។ បង្គន់អនាម័យសាធារណៈនេះ មានបន្ទប់ស្ត្រីចំនួន ១០ បន្ទប់ទឹកបុរសចំនួន ១០ មានកន្ថោរនោមចំនួន ១០ និងបន្ទប់ជនពិការចំនួន ១ផងដែរ។
មន្ត្រីដដែរបញ្ជាក់ថា ការដ្ឋាននេះក្រុមការងារ នឹងខិតខំបញ្ចប់អោយបាននៅពាក់កណ្តាលខែវិច្ឆិកា ដើម្បីត្រៀមដាក់អោយប្រជាពលរដ្ឋបានប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការនិងអនុគណៈកម្មការចំនួន៥ ដើម្បីទទួលខុសត្រូវពិធីបុណ្យ ខណៈ កម្ពុជានឹងត្រូវប្រារព្វពិធីបុណ្យធំៗចំនួន៤ជាប់ៗគ្នានៅចុងឆ្នាំនេះហើយក្នុងនោះលោកឃួង ស្រេង បាន
ជំរុញឲ្យមានការផ្តោត លើការយកចិត្តទុកដាក់លើ
បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ,បញ្ហាចរាចរ,ការលក់ដូរត្រូវតែរិតបន្តឹង និងមានសណ្តាប់ធ្នាប់ ដើម្បីឆ្ពោះទៅរកការប្រារព្វពិធីបុណ្យជាតិសំខាន់ខាងលើឲ្យប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ អនុគណៈកម្មការនិមួយៗត្រូវប្រជុំ ពិភាក្សាលំអិត និងមានការទទួលខុសត្រូវរៀងៗខ្លួន ហើយចំពោះមន្ត្រីរាជការ អាជ្ញាធរដែនដី ក្នុងរយៈពេលប្រារព្វពិធីបុណ្យគឺត្រូវដាក់វេនប្រចាំការ និងមិនអនុញ្ញាតិឲ្យ សុំច្បាប់ឈប់សំរាកនោះទេ។
មន្ត្រីជំនាញបានឲ្យដឹងថា ចំនួនទូកដែលត្រូវចូលរួមប្រកួតនាពេលខាងមុខគឺមិនតិចជាងឆ្នាំទៅនោះទេ។ដោយឡែកទូករាជធានីភ្នំ ពេញឆ្នាំនេះមានចំនួន៤២ទូកខណៈឆ្នាំទៅមានតែ៣៩ទូកប៉ុណ្ណោះ៕