ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អាណត្តិទី៧ មានភារកិច្ចខិតខំប្រឹងប្រែងកសាងសមិទ្ធផល ឱ្យលេចចេញជារូបរាងជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីបន្តទទួលបានទំនុកចិត្តយូរអង្វែងតទៅទៀត

36

កោះកុង ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និង ពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួនប្រមាណ ១១.០០០ នាក់ មកពីរោងចក្រ-សហគ្រាស ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បន្ថែមលើសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តកោះកុងខិតខំសម្រេចបាន ដើម្បីប្រែក្លាយជាខេត្តមួយប្រកបដោយសក្ដានុពល និងកាលានុវត្តភាពកាន់តែខ្ពស់ សម្រាប់ទាក់ទាញការវិនិយោគ, ភ្ញៀវទេសចរមកកំសាន្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកផងដែរ អំពីអត្ថន័យនៃទិដ្ឋភាពរួមរបស់ទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេល រួចចាកផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ។ ទិវាជាប្រវត្តិសាស្ត្រ នេះ គឺជាស្មារតីចងចាំនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ខ្លួនឯង និង ចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និង
វីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងបានធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរារាំងទប់ស្កាត់មិនឱ្យរបបដ៏យង់ឃ្នងនេះ ត្រឡប់មកវិញ។ ជ័យជម្នះ ៧ មករា បានដណ្ដើមមកជូនប្រជាជនកម្ពុជាវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវលុបបំបាត់ចោលទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ដោយបានឆ្លងកាត់ឧបសគ្គ និងការលំបាកគ្រប់ជំពូក ក្នុងបុព្វហេតុការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជន ព្រមទាំងស្ដារ និងកសាងជាតិឡើងវិញពីគំនរផេះផង់ រហូតបានចាកចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលបានអវត្តមាននៅមាតុភូមិកម្ពុជា ប្រមាណជាង ៥០០ ឆ្នាំ កន្លងមក ។

សម្តេចធិបតី ក៏បានបន្តទៀតថា ដើម្បីជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងអនាគត ឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់
«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលកំពុងមាននាពេលបច្ចុប្បន្ន ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដោយត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសុខសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស ជានិច្ចនិរន្តរ៍ ។ ជាមួយនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ជាមួយនឹងការគាំទ្រ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ មានភារកិច្ចខិតខំប្រឹងប្រែងកសាងសមិទ្ធផលឱ្យលេចចេញជារូបរាងជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដើម្បីបន្តទទួលបានទំនុកចិត្តយូរអង្វែងតទៅទៀត គឺប្រៀបដូចជាការសិក្សារបស់សិស្ស-និស្សិត ដែលបន្ទាប់ពីប្រលងជាប់ហើយ ក៏ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទទួលបានការទ្បើងថ្នាក់ជាបន្តបន្ទាប់ ។

មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន ៤ ចំណុចបន្ថែមទៀត សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អនុវត្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ ជាអាទិ៍៖ ទី១. សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ-សហគ្រាស ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ព្រមទាំងគិតគូរអំពីយន្តការនៃការកសាង, ការគ្រប់គ្រង, ការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករ-និយោជិតរបស់យើងដែលមានកូនតូចៗ ជាពិសេសរយៈពេល ៣ ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនតូចរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍បាន ។ បន្ទាប់, នៅពេលកូនៗរបស់បងប្អូនកម្មករ-និយោជិតមានអាយុលើស ៣ ឆ្នាំ, គាត់អាចចូលសិក្សានៅក្នុងមត្តេយ្យសហគមន៍ដែលនៅកៀកនឹងរោងចក្រ-សហគ្រាស ដោយមានអ្នកថែទាំ ព្រមទាំងមានគ្រូមានជំនាញ និងអាជីពច្បាស់លាស់ សម្រាប់ផ្ដល់ការថែទាំ និងការអប់រំបឋមជូនទៅដល់កូនៗ របស់បងប្អូនកម្មករ-និយោជិត ។ ទី២. កែលម្អទីកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ-សហគ្រាស ឱ្យបានសមរម្យសម្រាប់បងប្អូនកម្មករ-និយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រ-សហគ្រាស ដែលត្រូវបង្កើតថ្មី ។ ទី៣. សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាពត្រឹមឆ្នាំ២០២៧ ។ ទី៤. រៀបចំកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករ-និយោជិត ទាំងក្នុង និង ក្រៅប្រទេស អាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង កម្រិតជំនាញរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង